លោក ហ្សេលេនស្គី អំពាវនាវឲ្យលោកខាងលិចព្រមានរុស្ស៉ី កុំឲ្យបំផ្ទុះទំនប់វារីអគ្គីសនី ត្បិតថាវានឹងបង្កគ្រោះមហន្តរាយទ្រង់ទ្រាយធំ

 (កៀវ)៖  យោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២ គឺ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានអំពាវនាវឱ្យ លោកខាងលិចព្រមានរុស្ស៊ី កុំឱ្យបំផ្ទុះទំនប់ទឹកដ៏ធំ ដែលនឹងជន់លិចតំបន់ភាគខាងត្បូងអ៊ុយក្រែន។

ការអំពាវនាវនេះកើតឡើង​ នៅពេលដែលកងកម្លាំងរបស់អ៊ុយក្រែនកំពុងរៀបចំ ដើម្បីវាយរុញច្រាន កងទ័ពរបស់ទីក្រុងម៉ូស្គូ​ ពីតំបន់ Kherson នៅក្នុងសមរភូមិដ៏សំខាន់បំផុតមួយនៃសង្រ្គាម។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ លោក Zelensky បាននិយាយថា កងកម្លាំងរុស្ស៊ីបានបង្កប់គ្រឿង ផ្ទុះនៅខាងក្នុងទំនប់ Nova Kakhovka ដ៏ធំ ដែលរារាំងអាងស្តុកទឹកដ៏ធំសម្បើម ដែលគ្របដណ្តប់ ភាគច្រើននៃភាគខាងត្បូងអ៊ុយក្រែន ហើយគ្រោងនឹងបំផ្ទុះវា។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានលើកឡើងយ៉ាងដូច្នេះថា «ឥឡូវ​នេះ អ្នក​រាល់​គ្នា​ក្នុង​ពិភពលោក​ត្រូវ​តែ​ធ្វើ​សកម្មភាព​យ៉ាង​ខ្លាំងក្លា និង​រហ័ស​ដើម្បី​ទប់ស្កាត់​ការ​វាយ​ប្រហារ​ភេរវកម្ម​ថ្មី​របស់​រុស្ស៊ី។ ការ​បំផ្លាញ​ទំនប់​នេះ​នឹង​មាន​ន័យ​ថា​ជា​គ្រោះ​មហន្តរាយ​ទ្រង់ទ្រាយ​ធំ»

ទន្លេឌីនីប្រូ (Dnipro) ដ៏ធំល្វឹងល្វើយ លាតសន្ធឹងលើប្រទេសអ៊ុយក្រែន និងមានទទឹងជាច្រើនគីឡូ ម៉ែត្រ។ ការបំផ្ទុះទំនប់ខាងលើអាចបង្កជាគ្រោះទឹកជំនន់នៅតំបន់ខាងក្រោមវា ឆ្ពោះទៅកាន់ទីក្រុង Kherson ដែលកងកម្លាំងអ៊ុយក្រែនសង្ឃឹមថា​​ នឹងអាចដណ្តើមបានមកវិញនៅក្នុងការឈានទៅ មុខដ៏សំខាន់មួយ។

លោក ហ្សេលេនស្គី បានព្រមានថា មនុស្សរាប់សែននាក់នៅជុំវិញទន្លេឌីនីប្រូ (Dnipro) និងតំបន់ ខាងក្រោមនឹងមានគ្រោះថ្នាក់ពីទឹកជំនន់យ៉ាងឆាប់រហ័ស ប្រសិនបើទំនប់នេះត្រូវបានបំផ្លាញ។ រីឯ ការផ្តាច់ការផ្គត់ផ្គង់ទឹកទៅភាគខាងត្បូង ក៏អាចប៉ះពាល់ដល់ប្រព័ន្ធរោងចក្រថាមពលនុយក្លេអ៊ែរហ្សា ប៉ូរ៉ិចហ្ស៉ីយ៉ា (Zaporizhzhia) ដែលជារោងចក្រដ៏ធំបំផុតរបស់តំបន់អឺរ៉ុបផងដែរ។ ហើយប្រឡាយគ្រីមៀខាងជើង ដែលផ្តល់ការផ្គត់ផ្គង់ទឹកដ៏សំខាន់ដល់តំបន់គ្រីមៀ អាចនឹងត្រូវ បំផ្លាញចោល៕