មនុស្សយ៉ាងហោចណាស់ ១៥០នាក់ ស្លាប់ក្នុងអំពើហិង្សារយៈពេល២ថ្ងៃ នៅប្រទេសស៊ូដង់


 (ខាទុំ)៖  យោងតាមការដកស្រង់ផ្សាយចេញពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២ អោយដឹងថា យ៉ាងហោចណាស់មនុស្សចំនួន១៥០នាក់ ត្រូវបានសម្លាប់អំឡុង ពេល២ថ្ងៃនៃការប៉ះទង្គិចគ្នាក្នុងចំណោមជនជាតិភាគតិច ជុំវិញបញ្ហាជម្លោះដីធ្លីនៅរដ្ឋ ប៊្លូ នីល (Blue Nile) ភាគខាងត្បូងប្រទេសស៊ូដង់។

ការប៉ះទង្គិចគ្នានៅរដ្ឋ Blue Nile បានផ្ទុះឡើងកាលពីសប្តាហ៍មុន ក្រោយពីមានសេចក្តីរាយការណ៍ ពីការឈ្លោះប្រកែកគ្នាលើបញ្ហាដីធ្លី រវាងសមាជិកក្រុមជនជាតិ ហ៊ូសា (Hausa) និងក្រុមជនជាតិ មួយផ្សេងទៀត ដោយអ្នកស្រុករាយការណ៍ថាមនុស្សរាប់រយនាក់បាននាំគ្នារត់ភៀសខ្លួន ដើម្បីគេច ចេញពីការបាញ់ប្រហារដោយកាំភ្លើងយ៉ាងខ្លាំងក្លា ខណៈផ្ទះរបស់ពួកគេរងនូវភ្លើងឆាបឆេះ។ ការប្រយុទ្ធគ្នាបានផ្តោតលើតំបន់ វ៉ាត អាល់ មាហ៉ី (Wad al-Mahi) ចម្ងាយ៥០០គីឡូម៉ែត្រ ពីភាគ ខាងត្បូងនៃរដ្ឋធានី ខាទុំ (Khartoum) របស់ប្រទេសស៊ូដង់។

ប្រធានមន្ទីរពេទ្យក្នុងតំបន់លោក អាប់បាស់ ម៉ូសហ្សា (Abbas Moussa) បានឲ្យដឹងថា មនុស្ស សរុបចំនួន១៥០នាក់ ដែលរួមមានទាំងស្រ្តី កុមារ និងមនុស្សចាស់ ត្រូវបានសម្លាប់នៅចន្លោះថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ រីឯមនុស្សចំនួន ៨៦នាក់ ក៏បានរងរបួសដោយអំពើហិង្សានេះដែរ។

គួរបញ្ជាក់ថា អំពើហិង្សាដ៏អាក្រក់បំផុតដែលបានកើតឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បង្កឲ្យ មានការតវ៉ាកាលថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ខណៈក្រុមមនុស្សបានដើរជាក្បួនតាមដងផ្លូវនៃទីក្រុង ដាម៉ាហ្ស៉ី (Damazin) រដ្ឋ Blue Nile ដោយស្រែកពាក្យស្លោកថ្កោលទោសចំពោះជម្លោះ ដែលបាន សម្លាប់មនុស្សរាប់រយនាក់ក្នុងឆ្នាំ២០២២នេះ៕