រដ្ឋមន្ដ្រីសុខាភិបាល ប្រកាសដាក់ឱ្យដំណើរការអនុវត្ដគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខា ភិបាល ដំណាក់កាលទី២


(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯកឧត្តម សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ បានប្រកាសដាក់ដំណើរការអនុវត្ដ គម្រោងលើកកម្ពស់គុណភាព និងសមធម៌ ដំណាក់កាលទី២ ដែលប្រព្រឹត្ដទៅនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា។

ពិធីការប្រកាសជាផ្លូវការនេះ ក៏មានការចូលរួមពីលោកជំទាវ យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួង សុខាភិបាល និងជានាយកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល (H-EQIP), លោក Pablo Kang ឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលី ប្រចាំកម្ពុជា,​ លោក Park Heung-kyeong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា, លោក Udo Weber ទីប្រឹក្សាគោលនយោបាយជាន់ ខ្ពស់ ទទួលបន្ទុកតំបន់អាស៊ី-អាគ្នេយ៍ នៃក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់), លោក Stefan Messerer ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងក្រសួងផែនការ រួមទាំងអង្គ ការដៃគូអភិវឌ្ឍន៍មួយចំនួនទៀត។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង​ ​បានថ្លែងថា ការអនុវត្តគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ ដែលជាគម្រោងសុខភាពមានវិសាលភាព គ្របដណ្តប់ធំបំផុតដែលមិនធ្លាប់មាន។ ក្នុងនាមក្រសួងសុខាភិបាល «ខ្ញុំពិតជាមានមោទនភាព ដែលបានឃើញគម្រោងនេះលេចជារូប រាងឡើង ដើម្បីគាំទ្រដល់ការអនុវត្តផែនការ យុទ្ធសាស្ត្រសុខាភិបាល ឈានទៅសម្រេចការគ្រប ដណ្ដប់សុខភាព ជាសកលនៅឆ្នាំ២០៣០»

ដំណាក់កាលដំបូងនៃគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ត្រូវបានអនុវត្តចាប់ពី ខែវិច្ឆិកា ឆ្នាំ២០១៦ ដល់ខែឧសភា ឆ្នាំ២០២៣ ដោយផ្តោតលើការផ្តល់ហិរញ្ញប្បទាន ប្រកបដោយ និរន្តរភាព និងការអនុវត្តគំនិតផ្ដួចផ្ដើមប្រព័ន្ធសុខាភិបាលសំខាន់ៗ ដើម្បីធ្វើឱ្យប្រសើរឡើងលទ្ធភាព ទទួល បានសេវាសុខាភិបាល ប្រកបដោយគុណភាពសម្រាប់ប្រជាជនគោលដៅ។ គម្រោងនេះបានចូលរួមចំណែក យ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងសុខភាព របស់ប្រជាជន កម្ពុជា ក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ។

ឯកឧត្តម សាស្ដ្រាចារ្យបានគូសបញ្ជាក់ថា ការអនុវត្តគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខា ភិបាល និងគម្រោងមូលនិធិសមធម៌សុខភាព ត្រូវបានដាក់ឱ្យដំណើរការ នៅគ្រប់មូលដ្ឋានសុខា ភិបាលរដ្ឋទូទាំងប្រទេស ចាប់ពីមណ្ឌលសុខភាព រហូតដល់មន្ទីរពេទ្យជាតិ ហើយការប្រើប្រាស់សេវា សុខភាព ដែលគាំទ្រដោយគម្រោងមូលនិធិសមធម៌សុខភាព បានកើនឡើងដល់ជិត ៣.៤លាន ករណី ក្នុងឆ្នាំ២០២០ ធៀបនឹង២.៤លានករណី ក្នុងឆ្នាំ២០១៦។ គុណភាពនៃការផ្តល់សេវាសុខភាពត្រូវបានធ្វើឱ្យប្រសើរឡើងគួរឲ្យកត់សម្គាល់ ជាក់ស្តែងនៅឆ្នាំ ២០១៦ មានមណ្ឌលសុខភាពត្រឹមតែ ៤៩(៤%) សម្រេចបាន ៦០% នៃស្តង់ដារគុណភាពជាតិ ប៉ុន្តែចំនួននោះបានកើនឡើងដល់ ១១៨១ (៩៥%) ក្នុងឆ្នាំ២០២១។

រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានបន្ដថា ការកែលម្អគួរឱ្យកត់សម្គាល់ រួមមាន ការគ្រប់គ្រងបរិក្ខារ ចំណេះដឹងនិងសមត្ថភាពបុគ្គលិក ការការពារនិងការគ្រប់គ្រងការឆ្លងរោគ ការគ្រប់គ្រង កាក សំណល់ អនាម័យ និងការគាំទ្រពង្រីកបណ្តាញមណ្ឌលសុខភាពដោយបានសាងសង់មណ្ឌល សុខភាព បន្ថែមចំនួន ៤៥ ការសាងសង់អគារសម្ភពនិងរោគស្ត្រីនៅក្នុងមន្ទីរពេទ្យបង្អែកចំនួន ១៥ និងសាងសង់ អគារមន្ទីរពេទ្យខេត្តចំនួន ២បន្ថែម។

ឯកឧត្តម រដ្ឋមន្ដ្រីសុខាភិបាល​បានលើកឡើងបន្ថែមថា «យើងពិតមានមោទនភាព ដែលកម្ពុជាជា ប្រទេសគំរូសម្រាប់ប្រទេសមានធនធានតិច និងប្រទេសដែលទើបឆ្លងផុតពីសង្គ្រាម អាចសម្រេច គោលដៅសុខភាពបានយ៉ាងឆាប់រហ័ស និងកំពុងនៅលើផ្លូវឈានទៅសម្រេចបានការគ្របដណ្តប់ សុខាភិបាលជាសកល ក្រោមគំនិតផ្តួចផ្តើមដ៏ភ្លឺស្វាង ប្រកបដោយ គតិបណ្ឌិតរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបង្កើតឡើងមូលនិធិជាតិគាំពារសុខភាពសង្គម ដែលគ្របដណ្ដប់ប្រជាជនក្រុម គោលដៅផ្សេងៗ រួមមាន កម្មករក្នុងប្រព័ន្ធ កម្មករក្រៅប្រព័ន្ធ មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ ក្រុមប្រឹក្សាឃុំ-សង្កាត់ ថ្នាក់ដឹកនាំភូមិ ក្រុមកីឡាករ ក្រុមអ្នកដោះមីន ស្រ្តីមានផ្ទៃពោះ មនុស្សចាស់ជរា ជនពិការ កម្មករត្រីចក្រយាន»

ឯកឧត្តម បន្តថា សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្តល់ជាសាច់ ប្រាក់ដោយផ្ទាល់ដល់ស្រ្តីមានផ្ទៃ ពោះ ពេលសម្រាលកូន ជាកម្មការីនី និងមន្ត្រីរាជការ គ្រួសារក្រីក្រ ជាការលើកទឹកចិត្ត សម្រាប់ បង្កើនកម្រិតអាហារូបត្ថម្ភទាំងម្តាយ ទាំងទារកទើបនឹងកើតរហូតដល់អាយុ២ឆ្នាំ ដែលបានទទួលការ គាំទ្រនិងសេចក្ដីថ្លែងអំណរគុណយ៉ាងខ្លាំងពីប្រជាជនកម្ពុជា។

ក្នុងអំឡុងពេលដ៏លំបាកនៃការរាតត្បាតជំងឺកូវីដ-១៩ គម្រោងលើកកម្ពស់គុណភាពនិងសមធម៌ សុខាភិបាល ផ្នែកឆ្លើយតបគ្រាអាសន្នត្រូវបានបង្កើតឡើង ដោយផ្តល់បន្ថែមហិរញ្ញប្បទានចំនួន ១៤លានដុល្លារ សម្រាប់គាំទ្រក្រសួងសុខាភិបាលក្នុងការអនុវត្តផែនការមេឆ្លើយតបជំងឺកូវីដ-១៩ របស់កម្ពុជា រួមមានការពង្រឹងសមត្ថភាពធ្វើតេស្ដកូវីដ-១៩ បានបង្កើតមន្ទីរពិសោធន៍ថ្នាក់តំបន់ថ្មី ចំនួនពីរកន្លែងសម្រាប់ធ្វើតេស្តកូវីដ-១៩ ទិញសម្ភារៈបរិក្ខារពេទ្យបំពាក់ឱ្យមណ្ឌលព្យាបាលបន្ទាន់ ជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យជាតិ និងខេត្ត ព្រមទាំងបានទិញរថយន្តសង្គ្រោះបន្ទាន់ចំនួន ៦០ គ្រឿង ។ គម្រោងលើកកម្ពស់គុណភាពនិងសមធម៌សុខាភិបាល ដំណាក់កាលទី២ គួរទាញយកមេរៀន បទពិសោធន៍ជោគជ័យ ក្នុងដំណាក់កាលទី១ ដោយបន្ថែមអន្តរាគមន៍នវានុវត្តន៍ ដើម្បីជៀសវាង នូវបញ្ហា ប្រឈមនានាដែលជួបប្រទះក្នុងការអនុវត្តដំណាក់កាលទី១ និងតម្រឹមជាមួយអាទិភាព របស់រាជរដ្ឋាភិបាល ឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល តាមរយៈផែនការសកម្ម ភាព៥ឆ្នាំរបស់ខ្លួន (២០២២- ២០២៧)។

ឯកឧត្តម រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា ដើម្បីសម្រេចបាន «ចក្ខុវិស័យឆ្នាំ២០៣០» របស់កម្ពុជា ក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ការធានាសុខភាព និងសុខុមាលភាព ព្រមទាំងសម្រេចបានការគ្របដណ្ដប់សុខភាពជាសកល ទាមទារធ្វើកំណែទម្រង់ប្រព័ន្ធសុខាភិបាល របស់យើង ឱ្យកាន់តែមានលក្ខណៈសមស្របតាមតម្រូវការរបស់ប្រជាជនកម្ពុជានាពេលអនាគត តាមរយៈនវានុវត្តន៍ប្រព័ន្ធសុខាភិបាល។ ក្នុងកិច្ចខិតខំប្រឹងប្រែងទាំងនេះ ក្រសួងសុខាភិបាលបាន និងកំពុងបញ្ចប់ផែនការយុទ្ធសាស្ត្រសុខាភិបាលដំណាក់កាលទី៤ (២០២២-២០៣០) យុទ្ធសាស្ត្រ ឌីជីថលសុខាភិបាល និងក្របខណ្ឌជំរុញការអនុវត្តកម្មវិធីថែទាំសុខភាពបឋម ដែលចាំបាច់ត្រូវ មានកិច្ចខិតខំប្រឹងប្រែងរួមគ្នាទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាននិងភាគីពាក់ព័ន្ធ ទាំងអស់៕