រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ស្នើឱ្យលោក ហ្សេលេនស្គី ផ្ដាច់ទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់

 (កៀវ)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ ២០២២ អោយដឹងថា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូលេបា (Dmytro Kuleba) បាននិយាយថាលោកបានស្នើទៅកាន់លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី ឱ្យផ្ដាច់ទំនាក់ ទំនងការទូតជាមួយអ៉ីរ៉ង់ បន្ទាប់ពីមានការចោទប្រកាន់ថាទីក្រុងមូស្គូ ប្រើប្រាស់យន្ដហោះដ្រូន អត្តឃាតផ្គង់ផ្គង់ដោយទីក្រុងតេហេរ៉ង់ វាយប្រហារលើអ៊ុយក្រែន។

នៅក្នុងវីដេអូមួយបង្ហោះលើ Facebook នៅថ្ងៃអង្គារសប្ដាហ៍នេះ លោក គូលេបា បានគូសបញ្ជាក់ ដូច្នេះថា «ដោយមើលឃើញពីទំហំបំផ្លិចផ្លាញដោយ យន្ដហោះដ្រូនអ៉ីរ៉ង់ លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ការស្លាប់ និងរងរបួសនៃប្រជាជនរបស់យើង…ព្រមទាំងលទ្ធភាពដែលអ៉ីរ៉ង់នឹងបន្តផ្គត់ផ្គង់អាវុធឱ្យរុស្ស៉ី ខ្ញុំបាន ដាក់សំណើមួយដើម្បីស្នើឱ្យលោកប្រធានាធិបតី (ហ្សេលេនស្គី) កាត់ផ្ដាច់ទំនាក់ទំនងការទូត ជាមួយអ៉ីរ៉ង់»។ លោក គូលេបា បន្ថែមទៀតថាទីក្រុងកៀវ ជឿជាក់ យ៉ាងមុតមាំថាយន្ដហោះដ្រូន ដែលរុស្ស៉ីកំពុងប្រើ គឺផលិតដោយអ៊ីរ៉ង់ ហើយថាអ៊ុយក្រែននឹងចែករំលែកភស្តុតាងជាមួយសម្ព័ន្ធមិត្ត របស់ខ្លួនមួយចំនួនដែលនៅតែ មានការសង្ស័យនៅឡើយ៕