(កណ្តាល)៖ ហេតុការណ៍ដ៏តក់ស្លុតលិចទូកចម្លងដឹកកូនសិស្សចេញពីសាលាទៅផ្ទះ នៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ រហូតមកដល់ព្រឹកថ្ងៃនេះ ក្រុមជួយសង្គ្រោះបានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ និងបានរកឃើញសពកើនឡើង៨នាក់ ហើយ ខណៈ៤នាក់ត្រូវបានជួយសង្គ្រោះ និង៣នាក់ទៀតកំពុងបន្តបាត់ខ្លួន ដែលតាមការសន្និដ្ឋាន នោះពួកគេក៏អាចស្លាប់ផងដែរ។
ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ដែលកំពុងឈរជើង ប្រចាំការដឹកនាំកម្លាំងជួយរុករកជនរងគ្រោះនៅទីនោះ បានប្រាប់ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២២នេះថា នៅលើទូកដែលលិចយប់មិញនេះមានសរុបចំនួន១៥នាក់។
លោកបានបញ្ជាក់ទៀតថា នៅក្នុងចំណោមជនរងគ្រោះទាំង ១៥នាក់ ក្រុមជួយសង្គ្រោះ បានរក ឃើញ និងជួយសង្គ្រោះកាលពីយប់មិញចំនួន៦នាក់ (ស្លាប់២នាក់) ហើយរហូតមកដល់ព្រឹកថ្ងៃនេះ កម្លាំងបានរកឃើញសពជនរងគ្រោះ៥នាក់ទៀត ដូច្នេះគិតត្រឹមម៉ោងជិត៩នេះ ស្លាប់ឡើង៨នាក់ បាត់ខ្លួន៤នាក់ និងនៅរស់៣នាក់។
របាការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះដែលត្រូវបានរកឃើញ និងជួយសង្គ្រោះ នៅយប់មិញរួមមាន៖
១៖ ឈ្មោះ ថេត គន្ធី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ កម្មករបើកទូកដរទទឹង មានទីលំនៅសព្វថ្ងៃនៅ ភូមិ អំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល (រស់)
២៖ ឈ្មោះ វណ្ណី រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មករបើកទូកដរទទឹង មានទីលំនៅសព្វថ្ងៃ ភូមិអំពិទឹកទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល (រស់)
៣៖ ឈ្មោះ វី ចាន់ប៊ូរ៉ា ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស (រស់)
៤៖ ឈ្មោះ ផាត ទីណា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស (ស្លាប់)
៥៖ ឈ្មោះ ភ័ក្រ ភានុន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស (ស្លាប់)
៦៖ ឈ្មោះ រឿន សា ភេទប្រុស អាយុ១៥ឆ្នាំ (រស់) អ្នកទាំង៤ ខាងលើមានទីលំនៅសព្វថ្ងៃ ភូមិកោះ ចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
ដោយឡែកសិស្សសាលា៩នាក់ទៀត ដែលត្រូវបានរកឃើញ និងបន្តបាត់ខ្លួនរហូតមកដល់ព្រឹកថ្ងៃ នេះរួមមាន៖
១៖ ឈ្មោះ ឧត្តម មុនី ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស
២៖ ឈ្មោះ មាស សុវណ្ណារ៉ា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស
៣៖ ឈ្មោះ សុវត្ថិ សក្ខិណា ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស
៤៖ ឈ្មោះ ចាន់ សុខជីម ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស
៥៖ ឈ្មោះ ភារម្យ ដាវីន ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស
៦៖ ឈ្មោះ សុន សុផាត ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស
៧៖ ឈ្មោះ បិនដា ជូលី ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស
៨៖ ឈ្មោះ រី សុលីន ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស
៩៖ ឈ្មោះ ផាត សុខហេង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស។
បើតាមស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់ថា ករណីនេះបានកើតឡើងនៅពេលកូនសិស្ស បានចេញពីរៀនរួច ក៏ជិះទូកឆ្លងទៅកាន់ផ្ទះរបស់ពួកគេ នៅលើកូនកោះក្នុងភូមិកោះចំរើន (លើកោះ មានប្រហែល៣០០គ្រួសាររស់នៅ) ស្រាប់តែជួបគ្រោះអកុសលបែបនេះតែម្តង។ លោកថា កន្លង ទៅមិនមានគ្រោះថ្នាក់បែបនេះកើតឡើងនោះឡើយ តែលើកនេះមកពីទឹកឡើងទើប ជួបហេតុការ ណ៍អាក្រក់នេះតែម្តង។
កាលពីយប់មិញក្រោយមានហេតុការណ៍នេះភ្លាម, ជួសមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចេញបញ្ជាឱ្យអគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដឹកនាំដោយលោក គីម រីរៈ អគ្គលេខាធិការ នាំ កម្លាំងចុះទៅសហការជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ជួយរុករកក្មេងជួបគ្រោះលិចទូក ចម្លងនៅក្នុងខេត្តកណ្តាលទាំងយប់។
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានសម្តែងនូវការសោកស្តាយជាទីបំផុតចំពោះហេតុការណ៍ដ៏ អកុសលនេះ។ លោកទេសរដ្ឋមន្ត្រី បានណែនាំលោក គីម វីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិកា រដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងកម្លាំងសង្គ្រោះ ត្រូវចេញប្រតិបត្តិ ការបន្ទាន់ ហើយប្រឹងប្រែងឱ្យអស់លទ្ធភាពជួយសង្គ្រោះកុមាររងគ្រោះ និងរុករកអ្នកដែលបាត់ខ្លួន។
ក្នុងប្រតិបត្តិការនេះកងប្រតិបត្តការរុករក និងសង្រ្គោះលេខ៩១១ ក៏បានចូលរួមជួយស្វែងរក ជនរងគ្រោះផងដែរ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ លោកនឹងធ្វើ ដំណើរទៅដល់គោលដៅកើតហេតុ ក្រោយត្រឡប់មកពីខេត្តបន្ទាយមានយប់មិញ ដើម្បីដឹកនាំបញ្ជា រុករកជនរងគ្រោះដែលបន្តបាត់ខ្លួនរហូតបញ្ចប់បេសកកម្មការងារជួយសង្គ្រោះមួយនេះ៕