ស្រ្តី និងកុមារក្រោមអាយុ២ឆ្នាំជិត៣០ម៉ឺននាក់ ទទួលផលពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់ រាជរដ្ឋាភិបាល

 (ក្រុងព្រះសីហនុ)៖ គិតមកត្រឹម ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ បានផ្តល់អត្ថប្រយោជន៍ដល់អ្នកទទួលផលចំនួន ២៨៨ ៣៦២ នាក់ ដោយក្នុងនោះ មានស្រ្តីចំនួន ១៨១ ៥៤២ នាក់ និងកុមារអាយុក្រោម២ឆ្នាំចំនួន ១០៦ ៨២០ នាក់ ដោយបានចំណាយថវិកាជាតិប្រមាណ៨៤ប៊ីលានរៀល ប្រមាណ២០លាន ដុល្លារ។

លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាសដឹកនាំក្រុមការងារ អន្តរក្រសួង ចុះពិនិត្យការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ និងការកំណត់អត្តសញ្ញាណកម្មពិការភាព នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ កាលពីថ្ងៃ ទី១៣ ខែតុលា មានប្រសាសន៍ថា កម្ពុជាបាន និងកំពុងជំរុញការអនុវត្តគោលនយោបាយជាតិគាំពារ សង្គម រួមមានទាំងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងការគិតគូរដល់ការគាំទ្រឱ្យកាន់តែប្រសើរដល់ជនមានពិការភាព ដែលស្ថិតក្រោមការសម្រប សម្រួលរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលមានគោលបំណងលើកទឹកចិត្តស្រ្តី និងកុមារឱ្យប្រើ ប្រាស់សេវាសុខភាពចាំបាច់មួយចំនួនក្នុងគោលបំណងលើកកម្ពស់សុខុមាភាពមាតា និងកុមារ ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារ ចាប់តាំងកូនក្នុងផ្ទៃរហូតដល់ អាយុ២ឆ្នាំ ដើម្បីជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី។

លោកជំទាវ បានបន្តថា បន្ថែមលើការយកចិត្តទុកដាក់លើក្រុមគោលដៅជាស្រ្តី និងកុមារ រាជរដ្ឋា ភិបាលក៏បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ផងដែរលើបងប្អូនដែលមានពិការភាព ដោយបច្ចុប្បន្ន នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាន និងកំពុងធ្វើការកំណត់អត្តសញ្ញាណ ពិការភាព ក្នុងគោលបំណងផ្តល់បណ្ណ ដល់ជនមានពិការភាព សម្រាប់ទទួលបានរបបគោល នយោបាយចំពោះជនមានពិការភាពក្រីក្រនៅតាមសហគមន៍នានា នៅខេត្តគោលដៅមួយចំនួន ក្នុងប្រទេសកម្ពុជា ក្រោមជំនួយបច្ចេកទេសរបស់សហភាពអឺរ៉ុបប្រចាំកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចសិក្សា ស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារ អាយុក្រោម២ឆ្នាំ នៅភូមិថ្មី និងមណ្ឌលសុខភាពតក្តវិទ ក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ មាន ការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមមានអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារ សង្គម, មូលនិធិជាតិជំនួយសង្គម, ក្រសួងមហាផ្ទៃ, ក្រសួងផែនការ, ក្រសួងសុខាភិបាល, តំណាង សហភាពអឺរ៉ុប, មូលនិធិសហប្រជាជាតិសម្រាប់កុមារ (UNICEF) និងអាជ្ញាធរមូលដ្ឋាន៕