(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន បានថ្លែង បញ្ជាក់ថា ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន មិនអាចកាត់ផ្តាច់ចេញពី ការគិតគូរនូវការដោះស្រាយការគំរាមកំហែង និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ប្រកប ដោយភាពបុរេសកម្មនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូចនេះនាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាអធិបតី បើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន លើកទី២៨ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព និង បរិយាប័ន្ន មិនអាចកាត់ផ្តាច់ចេញពីការគិតគូរនូវការដោះស្រាយការគំរាមកំហែង និងផលប៉ះពាល់នៃ ការប្រែប្រួលអាកាសធាតុ ប្រកបដោយភាពបុរេសកម្មនោះទេ។ ជាក់ស្ដែងនៅក្នុងខែកញ្ញាថ្មីៗនេះ ព្យុះទីហ្វុងនរុ (Noru) បានធ្វើឱ្យខាតបង់ដល់សេដ្ឋកិច្ចនៅក្នុងតំបន់ និងបាត់បង់អាយុជីវិតប្រជា ជនជាច្រើន»។
ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏លើកឡើងជាថ្មីម្តងទៀតនូវសំណើរៀបចំនូវ «គំនិត ផ្តួចផ្តើមស្ដីពីការបង្កើតក្របខណ្ឌកិច្ចព្រមព្រៀងបៃតងអាស៊ាន» ដែលនឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយតម្រង់ទិស អាស៊ានឆ្ពោះទៅរកអនាគតបៃតងប្រកបដោយចីរភាព និងភាពប្រកួតប្រជែ ងខ្ពស់ផងដែរ។
សម្តេចតេជោ បានបន្ថែមទៀតថា ការបន្តពង្រឹងការផ្សារភ្ជាប់រវាងប្រជាជន និងប្រជាជន ក៏ជាកិច្ច ការអាទិភាពដ៏សំខាន់មួយ ដែលនឹងជួយលើកកម្ពស់ការយល់ដឹងពីគុណតម្លៃ និងអត្តសញ្ញាណ អាស៊ាននៅក្នុងស្រទាប់យុវជន ព្រមទាំងពង្រឹងតួនាទីរបស់យុវជនក្នុងការចូលរួមកសាងសហគមន៍ អាស៊ាន ប្រកបដោយការទទួលខុសត្រូវ។
ជាមួយនោះសម្តេចតេជោ ហ៊ុន សែន ក៏បានគុសបញ្ជាក់ដែរថា យុវជនក៏កំពុងដើរតួនាទីយ៉ាង សំខាន់ក្នុងការទទួលយកបច្ចេកវិទ្យាថ្មីៗ នៅក្នុងបរិបទឧស្សាហកម្ម ៤.០ ផងដែរ ដែលនឹងក្លាយជា កាតាលីករនៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចតំបន់។ ដើម្បីជំរុញការចូលរួមកិច្ចអភិវឌ្ឍតំបន់ឱ្យកាន់តែស៊ីជម្រៅនិងទូលំទូលាយ កម្ពុជាបានរៀបចំឡើង កិច្ចសន្ទនាយុវជនអាស៊ានលើកទី១ នៅខេត្តសៀមរាប ប្រទេសកម្ពុជា នាពេលថ្មីៗកន្លងទៅនេះ ដើម្បីផ្តល់វេទិកាឱ្យយុវជនអាស៊ានផ្លាស់ប្តូរទស្សនៈជាមួយនឹងអ្នកធ្វើគោលនយោបាយ និងដៃគូ សន្ទនាចម្បងៗផ្សេងទៀត។ ទន្ទឹមនេះ កម្ពុជាក៏បានផ្តួចផ្តើមរៀបចំដាក់ចេញនូវ «សេចក្ដីថ្លែង ការណ៍មេដឹកនាំអាស៊ានស្ដីពីឆ្នាំនៃយុវជនអាស៊ាន ២០២២» ផងដែរ៕