(យូអិន)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២ គឺ កាលពីថ្ងៃចន្ទសប្តាហ៍នេះ មហាសន្និបាតនៃអង្គការសហប្រជាជាតិ (UNGA) បាន បោះឆ្នោតទាត់ចោលការស្នើរបស់រុស្ស៉ី ដែលចង់ឱ្យ UNGA រៀបចំការបោះឆ្នោតជាសម្ងាត់ ក្នុង សប្តាហ៍នេះ ដើម្បីសម្រេចថាគួរឬមិនគួរថ្កោលទោស នូវការកាត់យកតំបន់ចំនួន៤របស់អ៊ុយក្រែន ដោយទីក្រុងមូស្គូ។
UNGA បានសម្រេចក្នុងសំឡេងឆ្នោតគាំទ្រ១០៧សំឡេងថា ខ្លួននឹងរៀបចំការបោះឆ្នោតដោយចំហ គឺមិនមែនដោយសម្ងាត់នោះឡើយ ស្តីពីសេចក្តីព្រាងដំណោះស្រាយ ដែលថ្កោលទោស «ការធ្វើ ប្រជាមតិខុសច្បាប់» និង «ការកាត់យកទឹកដីខុសច្បាប់» ដោយរុស្ស៉ី។ ក្រុមអ្នកការទូតបានបង្ហើបឱ្យដឹងថា ការបោះឆ្នោតលើសេចក្តីព្រាងនោះ ទំនងជានឹងប្រព្រឹត្តទៅ នៅក្នុងថ្ងៃពុធ ឬថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។
កាលពីថ្ងៃចន្ទ មានតែ១៣ប្រទេសប៉ុណ្ណោះ ដែលបានបង្ហាញសំឡេងជំទាស់នឹង ការរៀបចំការបោះ ឆ្នោតដោយបើកចំហ ជុំវិញសេចក្តីព្រាងខាងលើ ខណៈ៣៩ប្រទេសធ្វើអនុប្បវាទ ហើយប្រទេស ដទៃទៀត រួមមានទាំងរុស្ស៉ីនិងចិន មិនបានចូលរួមបោះ។ ទីក្រុងមូស្គូបានអំពាវនាវចង់ឱ្យមាន ការបោះឆ្នោតជាសម្ងាត់ គឺដោយសារខ្លួនអះអាងថា ប្រសិនបើវាធ្វើឡើងដោយចំហ នោះប្រទេស នីមួយៗប្រហែលជា នឹងពិបាកបង្ហាញគោលជំហរពិតប្រាកដ៕