(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ បានបញ្ជាក់ជាថ្មីថា ការដែលរាជរដ្ឋាភិបាលផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូក នៅក្នុងឆ្នាំនេះ មិនមែនដោយសាររាជរដ្ឋាភិបាលខ្វះថវិកានោះទេ ប៉ុន្តែដោយសារតែរាជរដ្ឋាភិបាលមមាញឹកខ្លាំង នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។
សម្តេចតេជោបញ្ជាក់ថា បើទោះបីជារាជរដ្ឋាភិបាល ផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូក នៅរាជ ធានីភ្នំពេញក្តី ក៏រាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យមានការរៀបចំពិធីបុណ្យអុំទូក នៅតាមបណ្តាខេត្ត ដែលពេលនេះមានខេត្តមួយចំនួនបានរៀបចំរួចហើយ និងខេត្តមួយចំនួនទៀតកំពុងត្រៀមរៀប ចំផងដែរ។
សម្តេចតេជោបានថ្លែងថា កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ មានភាពមមាញឹកខ្លាំងណាស់ ដែលមានថ្នាក់ប្រមុខរដ្ឋ និងថ្នាក់ដឹកនាំអន្តរជាតិជាច្រើន មកចូលរួមដូច្នេះនាំឲ្យមានការបិទផ្លូវមួយ ចំនួន ដើម្បីសម្រួលចរាចរណ៍ដល់ភ្ញៀវអន្តរជាតិ។ ជាមួយគ្នានេះ សម្តេចតេជោសូមការយោគយល់ និងខន្តីអភ័យទោស ពីបងប្អូនប្រជាពលរដ្ឋ ចំពោះការបិទផ្លូវ និងការស្ទះចរាចរណ៍ ក្នុងអំឡុងពេល រៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើង ក្នុងឱកាសអញ្ជើញក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ចំនួនជាង២ពាន់នាក់ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «អាស៊ានយើងត្រូវមានព្រឹត្តិការណ៍អមច្រើនណាស់ ហើយយើងរវល់ណាស់ មិនមែនរដ្ឋាភិបាល ហ៊ុន សែន ខ្វះលុយទេ [ប្រារព្ធពិធីបុណ្យអុំទូក] ប៉ុន្តែ បញ្ហាសន្តិសុខជាបញ្ហាធំ ដែលម្សិលមិញឯកឧត្តម វង្ស ពិសេន បានទទួលបទបញ្ជាលើបញ្ហាមួយ ចំនួនតាមផ្លូវទឹក និងផ្លូវអាកាស ធានាបាននូវសន្តិសុខ សម្រាប់កិច្ចប្រជុំដ៏ធំមួយ ដែលថ្នាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលបាល និងមេដឹកនាំនៃស្ថាប័នអន្តរជាតិមកចូលរួមច្រើន»។
សម្តេចបន្តថា «ម្សិលមិញគ្រាន់តែថ្ងៃចេញវស្សា នៅទីរួមខេត្តកំពង់ចាម គេប្រណាំងទូក និងកន្លែង ដទៃទៀតសុទ្ធតែត្រៀមប្រណាំងទូក សូមអញ្ជើញនាំគ្នាទៅលេង ប៉ុន្តែសម្រាប់ទីក្រុងភ្នំពេញ ខ្ញុំសូម ប្រជាជនមេត្តាខន្តី អភ័យទោសទុកឲ្យហើយ ពេលនោះភ្ញៀវច្រើនណាស់ ដែលធ្វើដំណើរមកចូលរួម ប្រជុំ អីចឹងមិនថាចេញតាមផ្លូវណាទេ ដូច្នេះត្រូវបិទផ្លូវមួយចំនួន»។
សម្តេចតេជោបញ្ជាក់ថា នៅពេលរៀបចំកិច្ចប្រជុំកំពូលអាស៊ាន រាជរដ្ឋាភិបាលបានកំណត់យក សណ្ឋាគារសុខា ភ្នំពេញ ដែលមានប្រមាណ៧០០បន្ទប់ សម្រាប់ជាទីតាំងរៀបចំកិច្ចប្រជុំ ហើយ សម្តេចរួមទាំងប្រតិភូមកម្ពុជា នឹងសម្រាកនៅក្នុងសណ្ឋាគារផ្ទាល់តែម្តង ដើម្បីងាយស្រួលក្នុងការ ដឹកនាំកិច្ចប្រជុំ។
សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅឆ្នាំនេះ ត្រូវចំ ថ្ងៃទី៧ ទី៨ និងទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយក៏ជាពេលវេលាដែលកម្ពុជាមមាញឹកខ្លាំង ត្រូវបំ ពេញកាតព្វកិច្ចធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផងដែរ៕