ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន ប្រគល់សញ្ញាបត្រជូននិស្សិត PPIU ជាង ២ពាន់នាក់

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញ អន្តរជាតិ (PPIU) បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យក្រោមប្រឹងប្រែងយ៉ាងស្វិត ស្វាញ។

សម្តេចតេជោ ហ៊ុន សែន តែងតែផ្តល់កិត្តិយសអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រជូន និស្សិតសាកលវិទ្យាល័យ PPIU ដើម្បីជាការលើកទឹកចិត្តដល់និស្សិតដែលបញ្ចប់ការសិក្សា។ សម្តេចតេជោធ្លាប់បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ សញ្ញាបត្ររបស់សាកលវិទ្យាល័យPPIU ចំនួន ៥លើករួចមកហើយ។

លោកស្រី ទេព កូលាប ប្រធានក្រុមប្រឹក្សាភិបាល និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ PPIU បានឱ្យដឹងថា និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនេះ រួមមានថ្នាក់បញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ សរុបប្រមាណ ២,១១៥ នាក់ មាននារី ១,១៣៩នាក់។ ក្នុងនោះ មានព្រះសង្ឃ ២៩អង្គ, និស្សិតពិការចំនួន ៣០ នាក់ នារី ៩នាក់ និងនិស្សិតអាហារូបករណ៍របស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ១៤៤នាក់ នារី ៥៣នាក់។

សាកលវិទ្យាល័យ PPIU គឺជាគ្រឹះស្ថានអប់រំថ្នាក់ឧត្តមសិក្សាមួយនៅកម្ពុជា ដែលបានរួមចំណែក យ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាល និងបង្កើតធនធានមនុស្សជាប្រយោជន៍សម្រាប់សង្គមកម្ពុជា។

លោកស្រី ទេព កូលាប បានឱ្យដឹងថា សាកលវិទ្យាល័យ PPIU បានចាប់បង្កើតឡើងនៅឆ្នាំ២០០២ ដោយមានមហាវិទ្យាល័យចំនួន៥ បាននិងកំពុងផ្តល់កម្មវិធីសិក្សាចំនួន ១២ជំនាញ។ គិតមកមកដល់បច្ចុប្បន្ននេះ និស្សិតដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ សរុបចំនួន ៩,៤៤៤នាក់ (នារី ៣,៨៦៤នាក់) មាននិស្សិតកំពុងសិក្សា សរុបចំនួន ១,៧២៤នាក់ ( នារី ៩៤១នាក់) និងមានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សរុបចំនួន ៣៤៨នាក់ (នារី ៧៣នាក់)។

ក្រៅពីការបណ្តុះបណ្តាលថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សាហើយនោះ សាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ ក៏បាននិងកំពុងបណ្តុះបណ្តាល សិស្សថ្នាក់វិជ្ជាជីវៈ លើជំនាញគណនេយ្យ ហិរញ្ញ វត្ថុ ទេសចរណ៍ ភាសាអង់គ្លេស និងកុំព្យូទ័រ សរុបចំនួន ៥,០៤៦នាក់ (នារី ១,៦៩៧នាក់) ក្នុងនោះ សិស្សបានបញ្ចប់ការសិក្សាចំនួន ៤,២៩៥ នាក់ (នារី ១,២៣៤នាក់) និងសិស្សកំពុងសិក្សា ចំនួន ៧៥១នាក់ (នារី ៤៦៣នាក់)។

លោកស្រី ទេព កូលាប បានឱ្យដឹងដែរថា ដើម្បីពង្រឹងគុណភាព នៃការបណ្តុះបណ្តាលធនធាន មនុស្ស ឆ្លើយតបចក្ខុវិស័យរបស់រាជរដ្ឋាភិបាលឆ្នាំ២០៣០ ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា នោះ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ បាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើការ បណ្តុះបណ្តាលនិស្សិត ដែលជាធនធានមនុស្សយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍប្រទេស។ ដូចគ្នានេះ ដើម្បីឆ្លើយតបទៅនឹងនិន្នាការជាសកល រួមមាន ការវិវត្តិ នៃសង្គមសេដ្ឋកិច្ច និង បម្លាស់ប្តូរយ៉ាងឆាប់ រហ័សនៃបច្ចេកវិទ្យា សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ បានបន្តធ្វើកំណែទម្រង់កម្មវិធីសិក្សា តាម ប្រព័ន្ធក្រេឌីតពេញលេញ ដោយផ្តោតសំខាន់ទៅលើទ្រឹស្តី និង ការអនុវត្តជាក់ស្តែង ព្រមទាំងបំណិន សតវត្សទី២១។ លើសពីនេះទៅទៀត សាកលវិទ្យាល័យក៏បានធ្វើការបញ្រ្ជាបចំណេះដឹង បច្ចេក វិទ្យា ភាសាបរទេស ការស្រាវជ្រាវ និង នវានុវត្តន៍ទាំងនៅក្នុងកម្មវិធីសិក្សា និង អភិបាលកិច្ចរបស់ សាកលវិទ្យាល័យផងដែរ៕