(ភ្នំពេញ)៖ បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនមកពីគណបក្សប្រជាជនកម្ពុជា ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមើលឃើញថា ការបណ្តុះបណ្តាលពីថ្នាក់បឋម ដល់ថ្នាក់ទី១២ គឺជាគ្រឹះដ៏ធំសម្រាប់ កសាងធនធានមនុស្សប្រកបដោយគុណភាព ដែលត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ជាពិសេសនៅតាមសាលារដ្ឋ។
វីដេអូថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត ដែលបង្ហោះលើហ្វេសប៊ុកនាព្រឹកថ្ងៃសៅរ៍ ទី០៨ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ការអប់រំត្រូវផ្តល់ឱ្យ មនុស្សតាំងពីក្មេង ហើយមានបរិស្ថាន៣ ដែលមានឥទ្ធិពលដល់ការអប់រំរបស់ក្មេង។ បរិស្ថានទាំង៣នោះ រួមមាន៖ គ្រួសារ សាលា និងសង្គម។
បណ្ឌិតបញ្ចប់ការសិក្សាផ្នែកយោធា នយោបាយ សេដ្ឋកិច្ចពីអាមេរិក និងចក្រភពអង់គ្លេសរូបនេះ បានគូសរំលេចថា គ្រួសារមានឪពុកម្តាយ និងយាយតា ជាអ្នកអប់រំដ៏សំខាន់ទី១ សម្រាប់កូន ជា ពិសេសផ្នែកសីលធម៌ និងចរិយាធម៌សម្រាប់ការរស់នៅ។ លោកបណ្ឌិត បានលើកជាឧទាហរណ៍ សម្រាប់លោក ពេលនៅពីក្មេងក្រៅតែសិក្សាពីសាលាហើយនោះ លោកតែងទទួលការអប់រំពីសម្តេច តេជោ ហ៊ុន សែន ពាក់ព័ន្ធសីលធម៌ គឺមិនត្រូវឆ្មើងឆ្មៃ និងមើលងាយអ្នកដទៃជាដាច់ខាត។
បន្ទាប់ពីគ្រួសារ គឺសាលា ដែលជាកន្លែងផ្តល់ការអប់រំ ចំណេះដឹង បូករួមជាមួយសីលធម៌ សុជីវធម៌ និងគុណធម៌ជាដើម។ ក្រៅពីគ្រួសារ សាលាហើយនោះ បរិស្ថានសង្គមជុំវិញខ្លួន ក៏ជាកន្លែងជះឥទ្ធិ ពលការយល់ដឹងផ្សេងៗទៅដល់ក្មេងៗផងដែរ ដែលត្រូវយកចិត្តទុកដាក់។
ឯកឧត្តម បណ្ឌិត បានគូសបញ្ជាក់ដូច្នេះ «ការអប់រំធនធានមនុស្សយើង បើពង្រឹងបានថ្នាក់បឋមដល់ ថ្នាក់ទី១២ វាជាមូលដ្ឋានគ្រឹះធំណាស់នៅក្នុងការកសាងធនធានមនុស្សមួយមានសមត្ថភាព គុណធម៌ សីលធម៌គ្រប់គ្រាន់សម្រាប់ធ្វើការវិភាគចាប់យកអ្វីល្អ មិនល្អ សិទ្ធិសេរីភាពរបស់គាត់ ដោយការទទួលខុសត្រូវនាពេលអនាគតសម្រាប់ជាតិរបស់យើង»។
សម្រាប់ការអប់រំក្នុងកម្រិតពីបឋម ដល់ថ្នាក់ទី១២ ដែល ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ចង់ឱ្យ មានការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់នេះ គឺសម្រាប់សាលារបស់រដ្ឋ។ លោកបណ្ឌិត បង្ហាញការ ជឿជាក់ថា បើមានការអប់រំមួយដ៏ល្អក្នុងកម្រិតបឋមដល់ថ្នាក់ទី១២ នឹងធ្វើឱ្យសិស្សមានការយល់ដឹង និងបំណិនជីវិតផ្សេងៗ ក្នុងការវិភាគ គិត និងពិចារណាលើបញ្ហាទាំងឡាយក្នុងសង្គម មុននឹងពួកគេ ទទួលយករឿងអ្វីមួយ។
ក្នុងវីដេអូនេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហាញបំណងចង់ឃើញការកំណត់ទិសដៅមួយ ច្បាស់លាស់លើវិស័យអប់រំ ក្នុងគ្រាដែលថវិកាជាតិ ត្រូវបានចំណាយកាន់តែធំសម្រាប់វិស័យកសាង ធនធានមនុស្សនេះ។
យោងតាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គិតត្រឹមឆ្នាំសិក្សា ២០២១-២០២២ កម្ពុជា មានសិស្សកំពុងសាលាមត្តេយ្យសិក្សា និងចំណេះទូទៅសាធារណៈ និងឯកជនសរុប ៣,៥៨៦,៧៤៦នាក់ ស្រី ១,៨០៦,៤៥៨នាក់។
របាយការណ៍បានបង្ហាញផងដែរថា នៅក្នុងការងារអប់រំនេះ ក្រសួងបានផ្តោតសំខាន់ទៅលើការ ពង្រីកសេវាអប់រំកុមារតូចៗអាយុក្រោម ៦ឆ្នាំ, បង្កើនការចូលរៀននៅបឋមសិក្សា មធ្យមសិក្សាបឋម ភូមិ និងទុតិយភូមិផងដែរ។
ក្រសួងក៏មានទិសដៅ បន្តជំរុញការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងមានតុល្យភាព រវាងវិជ្ជសម្បទា បំណិនសម្បទា ចរិយាសម្បទា និងមនសិការស្នេហាជាតិ និងមនុស្សជាតិ។ ជាពិសេសស្របតាមតម្រូវការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងបន្តលើកកម្ពស់ការអប់រំប្រកបដោយគុណ ភាព សមធម៌ បរិយាបន្ន ព្រមទាំងលើកកម្ពស់ឱកាសទទួលបានការសិក្សាពេញមួយ ជីវិតសម្រាប់ ទាំងអស់គ្នា និងការអភិវឌ្ឍសមត្ថភាពបុគ្គល និងសមត្ថភាពស្ថាប័ន៕