ប្រទេសថៃ មាន ចំនួនមនុស្សស្លាប់កើនដល់ ៣៨នាក់ ក្នុងករណីបាញ់ប្រហារនៅមជ្ឈមណ្ឌល ថែទាំកុមារ


 (បាងកក)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែតុលា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា អាជ្ញាធរថៃក្នុងតំបន់បានរបាយការណ៍ថា ចំនួនមនុស្សក្នុងការបាញ់ប្រហារទ្រង់ទ្រាយធំនៅមជ្ឈមណ្ឌលថែទាំកុមារនាថ្ងៃព្រហស្បតិ៍នេះ នៅខេត្តណងបួលាំភូ ភាគឦសានប្រទេសថៃ បានកើនដល់ ៣៨នាក់ហើយ ដោយភាគច្រើនជាកុ មារ។ ខាងប៉ូលិសថៃក៏បានឱ្យដឹងទៀតថា បុរសជាខ្មាន់កាំភ្លើងខាងលើ ក៏បានទៅសម្លាប់គ្រួសារខ្លួន ថែមទៀត មុនពេលធ្វើអត្តឃាតតាមក្រោយ។

គួរបញ្ជាក់ថា ករណីបាញ់សម្លាប់មនុស្សស្លាប់រង្គាលបែបនេះ គឺជារឿងដែលកម្រកើតមាននៅក្នុង ប្រទេសថៃ។ កាលពីឆ្នាំ២០២០ ទាហានថៃម្នាក់ បានបាញ់សម្លាប់មនុស្ស២៩នាក់ និងបង្កឱ្យរបួស ចំនួន៥៧នាក់ ក្នុងរយៈពេលជាច្រើនម៉ោង មុនពេលសកម្មភាព បាញ់ប្រហារបានបញ្ចប់ទៅវិញ ក្រោយខ្មាន់កាំភ្លើងរូបនោះ ត្រូវកងកម្លាំងពិសេសថៃបាញ់សម្លាប់៕