រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ព្រមានដាក់ពន្ធនាគារ អ្នកដែលបង្ហាញការគាំទ្រក្រុមឧទ្ទាម នៅលើបណ្តាញសង្គម


 (ណៃពិដោ)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២ អោយដឹងថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានៅថ្ងៃអង្គារនេះ បានព្រមានប្រជា ជនទាំងអស់ ប្រឆាំងនឹងការផ្តល់កម្លាំងចិត្តគាំទ្រដល់ «ចលនាក្រុមភេរវករ» ដោយគំរាមចាប់ដាក់ ពន្ធនាគាររហូតដល់១០ឆ្នាំ សម្រាប់ការចុច Like ឬ Share មាតិការបស់ក្រុមឧទ្ទាម នៅលើ បណ្តាញទំនាក់ទំនងសង្គម។

រដ្ឋមន្រ្តីព័ត៌មាននិងជាអ្នកនាំពាក្យនៃរបបយោធា លោក ហ្សរ មីន ទីន (Zaw Min Tin) បានលើក ឡើងថា «ក្រុមភេរវករ» កំពុងតែព្យាយាមស្វែងរក ការឧបត្ថម្ភដើម្បីយកសម្លាប់ជីវិតជនស្លូតត្រង់ នៅក្នុងយុទ្ធនាការរបស់ពួកគេ សំដៅធ្វើឱ្យប្រទេសជួបអស្ថិរភាព ដូច្នេះហើយការផ្តល់ការគាំទ្រដល់ ពួកគេ នឹងត្រូវទទួលរងចំណាត់ការយ៉ាងម៉ឺងម៉ាត់។

លោក ហ្សរ មីន ទីន បាននិយាយថា ការគាំទ្រផ្តល់កម្លាំងចិត្តលើបណ្តាញសង្គម ចំពោះរដ្ឋាភិបាល ស្រមោល NUG ឬមួយក៏ចំពោះ កងកម្លាំងប្រដាប់អាវុធ PDF របស់រដ្ឋាភិបាលនេះ អាចនាំទៅរក ទោសជាប់ពន្ធនាគាររយៈពេលចាប់ពី ៣ឆ្នាំដល់១០ឆ្នាំ ហើយនឹងធ្ងន់ធ្ងរជាងនេះទៅទៀត សម្រាប់ អ្នកដែលហ៊ានផ្តល់ជំនួយជាថវិកា ក្នុងតិចតួចប៉ុនណាក៏ដោយ។

គួរបញ្ជាក់ថា ចាប់តាំងពីររដ្ឋប្រហារបានផ្ទុះឡើង កាលពីខែកុម្ភៈ ឆ្នាំ២០២១មក ក្រុមអ្នកដែល ប្រឆាំងរបបយោធា បានប្រើប្រាស់បណ្តាញសង្គម ដើម្បីព្យាយាមផ្សព្វផ្សាយសាររបស់ពួកគេ ឱ្យកាន់តែទូលំទូលាយ។ កាលពីខែកក្កដាកន្លងទៅ រដ្ឋាភិបាលយោធាបានប្រហារជីវិត សកម្ម ជនប្រជាធិបតេយ្យ៤នាក់ ក្រោមការចោទប្រកាន់ថា ពួកគេបានជួយសម្របសម្រួលដល់ ការវាយ ប្រហាររបស់ក្រុមឧទ្ទាម៕