សម្តេចតេជោ ហ៊ុន សែន នាំចៅស្រីទៅជាមួយ ដើម្បីឲ្យរៀនធ្វើការ ក្នុងឱកាសអញ្ជើញចូលរួម មហា សន្និបាត UN, បំពេញទស្សនកិច្ចនៅគុយបា និងចូលរួមបុណ្យសពលោក អាបេ


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ នេះ ត្រូវអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីកម្ពុជា ដើម្បីអញ្ជើញចូលរួមមហាសន្និបាត អង្គការសហប្រជាជាតិលើកទី៧៧, បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋគុយបា និងចូលរួម ពិធីបុណ្យសពថ្នាក់ជាតិរបស់លោក អាបេស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ចាប់ពីថ្ងៃទី២១-២៨ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងឱកាសបំពេញបេសកកម្មការងារនៅក្រៅប្រទេសរយៈពេលជិត១០ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បាននាំចៅស្រីច្បង ទៅជាមួយសម្តេចផងដែរ ដើម្បីឲ្យចេះរៀនធ្វើការងារ។

តាមរយៈ Facebook ផ្លូវការសម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបថតជាមួយចៅស្រី និងសរសេរ ខ្លឹមសារយ៉ាងដូច្នេះថា «យកចៅស្រីទៅជាមួយ ដើម្បីឱ្យរៀនធ្វើការ។ ចៅស្រីម្នាក់ទៀតរង់ចាំលើយន្តហោះមុនមិនបានថតរូបជាមួយ។ ជូនពរបងប្អូនជនរួមជាតិជួបតែ សេចក្តីសុខ សេចក្តីចម្រើន។

សូមជម្រាបថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញចូលរួមសម័យប្រជុំលើកទី៧៧ នៃកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាត អង្គការសហប្រជាជាតិ (ម.ស.អ.ស.ប) ក្រោមប្រធាន បទ «ចំណុចរបត់សំខាន់នៃការផ្លាស់ប្តូរមិនអាចត្រឡប់ក្រោយបាន៖ ដំណោះស្រាយបរិវត្តកម្មចំពោះបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា» ចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ ២០២២ នៅទីក្រុងញូវយ៉ក។

បន្ទាប់មក តបតាមការអញ្ជើញរបស់ លោក មីហ្គេល ឌីយ៉ាស-កាណែល បឺមូដេស លោកប្រធានា ធិបតីគុយបា សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋ គុយបា ពីថ្ងៃទី២៣-២៥ ខែកញ្ញា ឆ្នាំ២០២២។

សម្រាប់ពិធីបុណ្យសពថ្នាក់ជាតិរបស់ លោក អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុនសម្ដេចតេជោ នាយក រដ្ឋមន្ត្រី នឹងអញ្ជើញចាកចេញពីទីក្រុងហាវាណា ឆ្ពោះទៅកាន់ទីក្រុងតូក្យូដើម្បី ចូលរួមក្នុងពិធី បុណ្យសពថ្នាក់ជាតិរបស់លោក អាបេ ស៊ីនហ្សូ (ABE Shinzo) អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលនឹង ប្រព្រឹត្តនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២៕