(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីកម្ពុជា ដើម្បីអញ្ជើញចូលរួមមហាសន្និបាតអង្គការ សហប្រជាជាតិលើកទី៧៧, បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យ សពថ្នាក់ជាតិរបស់លោក អាបេស៉ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ចាប់ពីថ្ងៃទី២១-២៨ ខែកញ្ញា ឆ្នាំ២០២២។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា គណៈប្រតិភូដែលអញ្ជើញអមដំណើរសម្តេចតេជោរួមមាន៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម បណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រ សួងអប់រំ យុវជន និងកីឡា និងឯកឧត្តម បណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រម ទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ របស់រដ្ឋាភិបាលផ្សេងទៀត។
* សម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ (ម.ស.អ.ស.ប)
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញចូលរួមសម័យប្រជុំលើកទី៧៧ នៃកិច្ចពិភាក្សាទូ ទៅរបស់មហាសន្និបាត អង្គការសហប្រជាជាតិ (មសអសប) ក្រោមប្រធានបទ «ចំណុចរបត់សំខាន់ នៃការផ្លាស់ប្តូរមិនអាចត្រឡប់ក្រោយបាន៖ ដំណោះស្រាយបរិវត្តកម្មចំពោះបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា» ចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងញូវយ៉ក។
សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ជាតិរបស់កម្ពុជា នៅក្នុងកិច្ចពិភាក្សា ទូទៅរបស់ ម.ស.អ.ស.ប។ បទអន្តរាគមន៍នេះ នឹងផ្តោតលើតួនាទីស្ថាបនារបស់កម្ពុជាក្នុងការគាំទ្រ ពហុភាគីនិយមផ្អែកលើការ គោលការណ៍ច្បាប់ ការរួមសហការគ្នាប្រយុទ្ធប្រឆាំងនឹងការគំរាម កំហែងផ្នែកសុខភាពជាសកលដែលកំពុងបន្តកើតមាន ការប្រែប្រួលអាកាសធាតុ ការពង្រឹងប្រព័ន្ធ ពាណិជ្ជកម្ម ពហុភាគី គោលនយោបាយឌីជីថល និងសេដ្ឋកិច្ចបៃតង ព្រមទាំងការធ្វើជាប្រធាន អាស៊ានរបស់កម្ពុជានិងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និងការរក្សាបាននូវនិរន្តរភាពនៃកំណើនសេដ្ឋកិច្ច-សង្គមយូរអង្វែង។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបបន្តបន្ទាប់គ្នា ជាមួយ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ឆាលស៍ មីឆែល ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោកស្រី សេក្ខ ហាស៊ីណា នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិត បង់ក្លាដែស លោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិប តេយ្យទីម័រខាងកើត និងថ្នាក់ដឹកនាំផ្សេងទៀតផងដែរ។
ខណៈពេលអញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី ចូលរួមក្នុង ម.ស.អ.ស.ប លើកទី៧៧ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្រ្តី ការបរទេសអាស៊ាន (IAMM) ដែលនឹងត្រូវបានរៀបចំឡើងនៅក្នុងឱកាសនៃ មសអសប លើកទី ៧៧ ហើយនឹងមានជំនួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសរបស់ប្រទេសមួយចំនួន និង តំណាងស្ថាប័នអភិវឌ្ឍន៍ផងដែរ។
* សម្រាប់ទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋគុយបា
តបតាមការអញ្ជើញរបស់ លោក មីហ្គេល ឌីយ៉ាស-កាណែល បឺមូដេស សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបាពីថ្ងៃទី២៣-២៥ ខែកញ្ញា ឆ្នាំ២០២២ ។ ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយលោក ប្រធានាធិបតី មីហ្គេល ឌីយ៉ាស-កាណែល បឺមូដេស ពិភាក្សាអំពីមធ្យោបាយ ដើម្បីបន្តពង្រឹងចំណង មិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងគុយបា និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ។
បន្ទាប់ពីជំនួបនេះថ្នាក់ដឹកនាំទាំងពីរនឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៥ រួមមាន៖
១៖ កម្មវិធីនៃកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរវប្បធម៌
២៖ អនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានការទូតនៃប្រទេសទាំងពីរ
៣៖ អនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍកីឡា
៤៖ គម្រោងកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ
៥៖ អនុស្សរណៈយោគយល់គ្នារវាងក្រសួងសុខាភិបាលកម្ពុជា-គុយបា។
សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងចូលជួបសម្តែងការគួរសមចំពោះ លោក អេស្តេបាន ឡាហ្សូ ហឺណាន់ដេស ប្រធានរដ្ឋសភានៃអំណាចប្រជាជនគុយបា។ សម្តេចតេជោ ក៏រំពឹងថានឹងចូលជួប សម្តែងការគួរសមចំពោះ លោក រ៉ាអ៊ូល ខាសស្រ្តូ អតីតប្រធានាធិបតីគុយបា ផងដែរ។
នៅរដ្ឋធានីហាវាណា សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញទៅទស្សនាមជ្ឈមណ្ឌល ហ្វីដែល កាស្ត្រូ (Fidel Castro) និងមជ្ឈមណ្ឌលវិស្វកម្មហ្ស៊េន និងបច្ចេកវិទ្យាជីវៈ និងអញ្ជើញដាក់កម្រង ផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានអនុស្សាវរីយ៍ ចូហ្សេ ម៉ាទី (José Martí)។ សម្តេចតេជោ ក៏នឹងជួប សំណេះសំណាលជាមួយនិស្សិតកម្ពុជា ដែលកំពុងសិក្សានិងរស់នៅក្នុងប្រទេសគុយបាផងដែរ។
* សម្រាប់ពិធីបុណ្យសពថ្នាក់ជាតិរបស់ លោក អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុនសម្ដេចតេជោ នាយក រដ្ឋមន្ត្រី នឹងអញ្ជើញចាកចេញពីទីក្រុងហាវាណា ឆ្ពោះទៅកាន់ទីក្រុងតូក្យូដើម្បី ចូលរួមក្នុងពិធីបុណ្យ សពថ្នាក់ជាតិរបស់លោក អាបេ ស៊ីនហ្សូ (ABE Shinzo) អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលនឹង ប្រព្រឹត្តនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២៕