(តៃប៉ិ)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័តមាន Reuters នៅថ្ងអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២ អោយដឹងថា ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen) បានប្រាប់ សន្និសីទមួយដែលធ្វើឡើង នៅទីក្រុងញូវយ៉កនៅថ្ងៃចន្ទសប្ដាហ៍នេះថា តៃវ៉ាន់មាន មោទកភាព ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការជួយអ៊ុយក្រែនតស៊ូការពារប្រទេសជាតិ ហើយកិច្ចខិតខំ ប្រឹងប្រែងទាំងនោះត្រូវតែបន្តទៅមុខទៀត។
លោកស្រី សៃ បានគូសបញ្ជាក់ថា «នៅពេលយើងបានមើលពីការសម្លាប់រង្គាល នៅក្នុងការឈ្លាន ពានរបស់រុស្ស៉ី តៃវ៉ាន់ពិតជាមានមោទកភាពក្នុងការដើរតួនាទីជួយ ដល់អ៊ុយក្រែន ក្នុងការតស៊ូដើម្បី ការពារប្រទេស និងសេរីភាពរបស់ពួកគេ។ យើងត្រូវបន្តការខិតខំប្រឹងប្រែងនេះតទៅមុខទៀត»។ លោកស្រី សៃ បានបន្ថែមថា «តៃវ៉ាន់ ក៏ពុងប្រឈមនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងពីសំណាក់ ប្រទេសចិន។ ដូច្នេះការធានាបាននូវលទ្ធិប្រជាធិបតេយ្យ គឺជារឿងចាំបាច់ដើម្បីធានានូវសេរីភាព និងសិទ្ធិមនុស្សសម្រាប់អនាគតរួមរបស់យើង»។
គួរបញ្ជាក់ថា តៃវ៉ាន់ បានបរិច្ចាកថវិកាជាង ៣០លានដុល្លារសម្រាប់ការផ្តល់ជំនួយមនុស្សធម៌ ដែល ភាគច្រើនត្រូវបានរៃអង្គាសពីសាធារណជន និងបានចូលរួម ក្នុងការដាក់ទណ្ឌកម្មដែលដឹកនាំដោយ លោកខាងលិច ប្រឆាំងនឹងរុស្ស៊ីផងដែរបន្ទាប់ពីការឈ្លានពានអ៊ុយក្រែន៕