អភិបាលរាជធានីភ្នំពេញ កោតសរសើរចំពោះការលះបង់របស់នគរបាលពន្លត់អគ្គិភ័យ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋពេលមានភ្លើងឆេះ


 (ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានសម្ដែងនូវការកោតសរសើរយ៉ាង ខ្លាំង ចំពោះនគរបាលពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, នគរ បាលពន្លត់អគ្គិភ័យរបស់ក្រសួងមហាផ្ទៃ, សាលារាជធានីភ្នំពេញ និងភ្នាក់ងារពន្លត់អគ្គិភ័យ ដែល បានបំពេញការងារយ៉ាងល្អរហូតទទួលបានការកោតសរសើរពីសំណាក់ប្រជាពលរដ្ឋក្នុងការចុះជួយអន្តរាគមន៍បាញ់ពន្លត់អគ្គីភ័យបានទាន់ពេលវេលា។

ការសម្ដែងនូវការកោតសរសើរនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ ខណៈ ដែលឯកឧត្តម អញ្ជើញសំណេះសំណាល និងផ្ដល់ជាអំណោយជូននគរបាលពន្លត់អគ្គីភ័យ និង សង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១៤៥នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ នៅការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្រ្គោះ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា កាលពីមុនសម្រាប់នគរបាលពន្លត់អគ្គីភ័យ គឺតែងតែមាន ការលេចឮនៅព័ត៌មានមិនល្អមួយចំនួនពាក់ព័ន្ធការចុះអន្តរាគមន៍ពន្លត់អគ្គីភ័យ។ ប៉ុន្តែសម្រាប់ពេលនេះ គឺកម្លាំងនគរបាលការិយាល័យបង្ការ និងពន្លត់អគ្គីភ័យ រាជធានីភ្នំពេញ ពិត ជាទទួលបាននូវការកោតសរសើរពីសំណាក់ប្រជាពលរដ្ឋទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ពោលគឺ នៅពេលដែល មានអគ្គីភ័យកើតឡើង រថយន្តពន្លត់អគ្គីភ័យបានទៅដល់ទីតាំងកើតហេតុភ្លាមៗ និងបានជួយអន្តរាគមន៍បាញ់ពន្លត់អគ្គីភ័យបានទាន់ពេលវេលា។

ឯកឧត្តម ឃួង ស្រេង បានបន្ដទៀតថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងយក ចិត្តដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយសម្ដេចមិនត្រឹមតែបានរំដោះប្រទេសជាតិ ចេញពីរបប ប៉ុល ពត ប៉ុណ្ណោះទេ តែបានអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនថែមទៀត។ ជាមួយគ្នានោះ ពាក់ព័ន្ធការរាតត្បាតនៃជំងឺកូវីដ១៩ សម្តេចបានស្វះស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ១៩ មកចាក់ ជូនប្រជាពលរដ្ឋបានគ្រប់គ្នា រហូតធ្វើឲ្យសេដ្ឋកិច្ចប្រទេសងើបឡើងវិញ។

អភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា ចំពោះអំណោយដែលត្រូវប្រគល់ជូនមន្ត្រីនគរបាលបង្ការពន្លត់ អគ្គីភ័យ និងសង្រ្គោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១៤៥នាក់នេះ ជាអំណោយ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្នុងម្នាក់ៗ ទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេសតូច, ត្រីខ១យួរ, ទឹកស៉ីអ៉ី១យួរ, ទឹកបរិសុទ្ធ២កេស និង ថវិកាចំនួន៤០ម៉ឺនរៀល។

លោកឧត្ដមសេនីយ៍ត្រី ស៊ុប សុឃីម ស្នងការរងតំណាងឲ្យអង្គភាពនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្រ្គោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានលើកឡើងថា ក្នុងរយៈពេល ០៩ខែ ឆ្នាំ២០២២នេះ នៅទូទាំងរាជធានីភ្នំពេញ មានករណីអគ្គិភ័យកើតឡើង ចំនួន៨៣លើក ប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យចំនួន៩៩៨គ្រឿង ស្មើនឹងទឹក៣,៨៣៣ម៉ែត្រគូប។

ក្នុងហេតុការណ៍នេះបណ្តាលឲ្យមនុស្សស្លាប់ ០១នាក់/ស្រី របួស២៤នាក់ ឆេះផ្ទះ១១៣ខ្នង, សំណង់មិនរៀបរយ៨០ខ្នង, ឆេះរថយន្ត ២៧គ្រឿង, ម៉ូតូ ១៤គ្រឿង, បន្ទប់ខារ៉ាអូខេ ៦បន្ទប់, ក្លឹបកំសាន្ត០១ កន្លែង, កន្លែងស្តុកហ្គាស ០១កន្លែង, ឃ្លាំងជួសជុលរថយន្ត ០១កន្លែង និងសម្ភារៈ ប្រើប្រាស់មួយចំនួន។ កត្តាដែលបង្កឲ្យមានករណីអគ្គិភ័យនេះ ផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី ៥៦លើក គ្រោះថ្នាក់ចរាចរណ៍ ០១លើក និងបញ្ហាផ្សេងៗ ២៦លើក៕