រាជធានីភ្នំពេញបង្ក្រាបល្បែងស៉ីសងបាន៣៤ករណី ឃាត់ខ្លួន៦៤នាក់ ក្នុងពេល២ថ្ងៃ


 (ភ្នំពេញ)៖ យោងតាមលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដែលបញ្ជាក់ នៅថ្ងៃអាទិត្យនេះថា កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកការបង្ក្រាបបទល្មើសល្បែងស៉ីសងសរុប៣៤ករណី ឃាត់ខ្លួនមនុស្សចំនួន៦៤នាក់នៅ តាមខណ្ឌចំនួន១១ ត្រឹមរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ១៧-១៨ ខែកញ្ញានេះ។

លោកវរសេនីយ៍ឯក សាន សុខសីហា បានឱ្យដឹងថា «ប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ គិតតាំងពីម្សិលមិញរហូតដល់ថ្ងៃនេះម៉ោង១២ថ្ងៃត្រង់ យើងបង្ក្រាបបាន៣៤ករណី ឃាត់ខ្លួនមនុស្ស បាន៦៤នាក់ នៅតាមបណ្ដាខណ្ឌចំនួន១១»

លោកវរសេនីយ៍ឯកបានបន្តថា ក្នុងចំណោមនុស្សដែលឃាត់ខ្លួនបានទាំង៦៤នាក់នោះ មានទាំង ជនជាតិចិន១០នាក់ ជនជាតិកូរ៉េ១នាក់ និងជនជាត់អារ៉ាប់១នាក់ ក្រៅពីនោះជាជនជាតិខ្មែរ។

លោកអ្នកនាំពាក្យបានបញ្ជាក់លម្អិតថា ការបង្ក្រាបនៅក្នុងខណ្ឌទាំង១១នោះ រួមមាន៖
១. ខណ្ឌចំការមនបង្ក្រាបបាន២ករណី ឃាត់ខ្លួន៩នាក់
២. ខណ្ឌបឹងកេងកងបង្ក្រាបបាន៧ករណី ឃាត់ខ្លួន១១នាក់
៣. ខណ្ឌដូនពេញបង្ក្រាបបាន១ករណី ឃាត់ខ្លួន១នាក់
៤. ខណ្ឌទួលគោកបង្ក្រាបបាន៤ករណី ឃាត់ខ្លួន៦នាក់
៥. ខណ្ឌដង្កោបង្ក្រាបបាន២ករណី ឃាត់ខ្លួន២នាក់
៦. ខណ្ឌមានជ័យបង្ក្រាបបាន២ករណី ឃាត់ខ្លួន៤នាក់
៧. ខណ្ឌច្បារអំពៅបង្ក្រាបបាន១ករណី ឃាត់ខ្លួន២នាក់
៨. ខណ្ឌឫស្សីកែវបង្ក្រាបបាន២ករណី ឃាត់ខ្លួន៣នាក់
៩. ខណ្ឌជ្រោយចង្វារបង្ក្រាបបាន៣ករណី ឃាត់ខ្លួន៤នាក់
១០. ខណ្ឌសែនសុខបង្ក្រាបបាន២ករណី ឃាត់ខ្លួន១៤នាក់
១១. ខណ្ឌកំបូលបង្ក្រាបបាន៨ករណី ឃាត់ខ្លួន៨នាក់។

គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបញ្ជាយ៉ាងដាច់ណាត់ ឱ្យមន្ត្រីពាក់ព័ន្ធគ្រប់រូបជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិត្រូវបង្ក្រាបឱ្យអស់នូវល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ។ ប្រសិនបើអភិបាលរាជធានី/ខេត្ត អភិបាលក្រុង/ស្រុក/ខណ្ឌរូបណាមិនទទួលខុសត្រូវ លើតួនាទី បណ្តោយឱ្យល្បែងស៉ីសងរីកសាយភាយក្នុងមូលដ្ឋានរបស់ខ្លួន សម្ដេចតេជោមិនស្ទាក់ ស្ទើរក្នុងការដកចេញពីមុខតំណែងនោះឡើយ៕