សហរដ្ឋអាមេរិក ជំរុញឲ្យបញ្ចប់អរិភាព នៅតាមព្រំដែនរវាងអាមេនី និងអាស៊ែបៃហ្សង់


 (វ៉ាស៉ីនតោន)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២ អោយដឹងថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន (Antony Blinken) បាននិយាយនៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភ យ៉ាងខ្លាំងចំពោះរបាយ ការណ៍នៃការផ្ទុះអាវុធដាក់គ្នា នៅតាមបណ្ដោយព្រំដែនរវាងប្រទេសអាមេនី និងប្រទេសអាស៊ែបៃ ហ្សង់ ជាមួយការអំពាវនាវឲ្យ ប្រទេសទាំងពីរបញ្ចប់អរិភាពនេះជាបន្ទាន់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក ប្ល៊ីនខិន បានគូសបញ្ជាក់ដូច្នេះថា «ដូចដែលយើងបានបញ្ជាក់ យ៉ាងច្បាស់ជាយូមកហើយថាដំណោះស្រាយយោធា មិនអាចបញ្ចប់ជម្លោះបានឡើយ។ យើងអំពាវនាវឲ្យបញ្ចប់នូវអរិភាពនេះជាបន្ទាន់»

ការប៉ះទង្គិចគ្នាដោយអាវុធរវាងកងទ័ពអាស៊ែបៃហ្សង់ និងអាមេនី បានផ្ទុះឡើងនៅព្រឹកថ្ងៃអង្គារនេះ ដោយបង្កឱ្យមានការព្រួយបារម្ភពីការផ្ទុះឡើង ជាថ្មីនូវសង្រ្គាមនៅឯតំបន់ជម្លោះព្រំដែន ណាហ្គ័រណូ ការ៉ាបាក់ (Nagorno-Karabakh)។

អាស៊ែបៃហ្សង់ ដែលបានគ្រប់គ្រងទាំងស្រុងឡើងវិញលើព្រំដែន ណាហ្គ័រណូ ការ៉ាបាក់ (Nagorno-Karabakh) នៅក្នុងសង្រ្គាមមានរយៈពេល ៦សប្ដាហ៍ កាលពីឆ្នាំ២០២០ បានទទួលស្គាល់ថាមាន អ្នកស្លាប់ និងរងរបួសនៅក្នុងចំណោមកងទ័ពរបស់ខ្លួនដែលឈរជើងនៅតំបន់ព្រំដែន។ ចំណែកឯ ខាងអាមេនី វិញមិនទាន់ឱ្យដឹងថាតើមានកងទ័ពស្លាប់ និងរងរបួសនៅឡើយទេ ដោយគ្រាន់តែទទួល ស្គាល់ថាការវាយប្រយុទ្ធគ្នានៅតែបន្តកើតមាននៅឡើយ។

ភ្លាមៗគេមិនទាន់អាចបញ្ជាក់បានពីមូលហេតុនៃការផ្ទុះអាវុធរវាងអាស៊ែបៃហ្សង់ និងអាមេនីនោះទេ ខណៈភាគីទាំង២បានចោទប្រកាន់ដាក់គ្នា ទៅវិញទៅមក៕