ព្យុះត្រូពិចកើនឥទ្ធិពលក្លាយជាព្យុះហឺរីខិន នៅក្បែរឆ្នេរនៃប្រទេសម៉ិកស៉ិក ក្រោយផ្តាច់ជីវិតមនុស្ស ៣នាក់


(ម៉ិកស៉ីកូ)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៦ ខែកញ្ញា ឆ្នាំ២០២២ គឺ អាជ្ញាធរផ្នែកអាកាសធាតុ បាននិយាយថាព្យុះត្រូពិច ឈ្មោះ Kay បានវិវត្ត ទៅជាព្យុះហឺរីខិន នៅក្បែរឆ្នេរខាងប៉ាស៊ីហ្វិក នៃប្រទេសម៉ិកស៉ិក កាលពីថ្ងៃចន្ទសប្តាហ៍នេះ បន្ទាប់ ពីផ្តាច់យកជីវិតមនុស្សចំនួន ៣នាក់ នៅក្នុងរដ្ឋហ្គឺរីរ៉ូ (Guerrero) ភាគនិរតី។

មជ្ឈមណ្ឌលតាមដានព្យុះហឺរីខិន (NHC) នៅទីក្រុង ម៉ាយអាមី (Miami) បានរាយការណ៍ថា ព្យុះ Kay បានវិវត្តទៅជាព្យុះហឺរីខិន ហើយបតាមការព្យាករ ភ្លៀងធ្លាក់ដែលបណ្តាលមកពីព្យុះនេះ នឹង បន្តជះឥទ្ធិពលលើភាគនិរតី ប្រទេសម៉ិកស៉ិក សម្រាប់រយៈពេល ១ឬ២ថ្ងៃបន្ទាប់។កាលពីចុង សប្តាហ៍កន្លងទៅ ព្យុះត្រូពិច Kay បានបំផ្លាញផ្ទះសម្បែង, រំលំដើមឈើ និងបង្កទឹកទន្លេជន់ជោរ ក្នុងរដ្ឋ ហ្គឺរីរ៉ូ និងទីក្រុងកំពង់ផែ អាកាពូលកូ (Acapulco) ដែលស្ថិតនៅបណ្តោយឆ្នេរប៉ាស៉ីហ្វិក។

លោក រ៉ូបឺតូ អារ៉ូយ៉ូ (Roberto Arroyo) លេខាធិការនៃទីភ្នាក់ងារការពារជនស៉ីវិល របស់ ហ្គឺរីរ៉ូ បានគូសបញ្ជាក់ថា «មនុស្សចំនួន ៣នាក់បានស្លាប់ ព្យុះត្រូពិក Kay បានកកើតឡើង ខណៈវា កំពុងបោកបក់ចេញឆ្ងាយពីរដ្ឋហ្គឺរីរ៉ូ វិញហើយ»។

សូមបញ្ជាក់ថា បើតាមយោងតាមទិន្នន័យពី NHC ព្យុះ Kay បានឈានដល់កម្រិតខ្យល់ជិត ១៣០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ការធ្លាក់ភ្លៀង និងខ្យល់បោកបក់ នឹងរំកិលទៅកាន់ឧបទ្វីបបាហ៉ាកាលី ហ្វ័រញ៉ា (Baja California) របស់ម៉ិកស៉ិក នៅព្រឹកថ្ងៃពុធសប្តាហ៍នេះ៕