កំណាត់ផ្លូវជាតិលេខ៩៤ ប្រវែងជាង៥០គីឡូម៉ែត្រ ឆ្ពោះទៅព្រំដែនឡាវ ត្រូវបានជួសជុលថែទាំឡើង វិញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ និងភ្ញៀវទេសចរ


 (ព្រះវិហារ)៖ កំណាត់ផ្លូវជាតិលេខ៩៤ ប្រវែង៥៤.៩០គីឡូម៉ែត្រ ចាប់ពីឧទ្យានជាតិតេជោសែន ឫស្សីត្រឹប ឆ្ពោះទៅកាន់ព្រំដែនកម្ពុជា-ឡាវ ត្រូវបានក្រុមការងារថែទាំ ជួសជុល ផ្លូវថ្នល់ នៃមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ធ្វើការជួសជុលឡើងវិញ បន្ទាប់ពីផ្លូវនេះបានរងការខូច ខាតដោយជំនន់ទឹកភ្លៀងនារដូវវស្សាឆ្នាំនេះ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឲ្យដឹងនៅព្រឹកថ្ងៃ ទី៦ ខែសីហា ឆ្នាំ២០២២នេះថា កំណាត់ផ្លូវជាតិលេខ៩៤ ចាប់ពីឧទ្យានជាតិតេជោសែនឫស្សីត្រឹប ទៅព្រំដែនឡាវ បានរងការខូចខាតដោយជំនន់ទឹកភ្លៀង ជាហេតុធ្វើឲ្យមានការលំបាកក្នុងការ ធ្វើដំណើរ។

ដើម្បីសម្រួលផ្លូវនេះឲ្យប្រជាពលរដ្ឋបានធ្វើដំណើរដោយស្រួល ក្រុមការងារមន្ទីរបានធ្វើការជួសជុល ឡើងវិញ ដោយធ្វើការថែមដីល្បាយថ្ម កៀសម្រួល ស្រោចទឹក កិនបង្ហាប់ ធ្វើយ៉ាងណាឲ្យប្រជាពល រដ្ឋអាចធ្វើដំណើរលើផ្លូវនេះបានស្រួល។

លោក សំ លាងទ្រី បញ្ជាក់ថា ដោយអនុវត្តន៍តាមការណែនាំពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ពិសេស បន្ទាប់ពីលោកអភិបាលខេត្តចុះពិនិត្យមើលស្ថានភាពជាក់ស្តែង ផ្លូវដែលរងការខូចខាតដោយជំនន់ ទឹកភ្លៀង មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានយកចិត្តទុកដាក់ ជួសជុល ថែទាំ ផ្លូវឡើងវិញ ដែលគ្រប់គ្រងដោយមន្ទីរ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឲ្យដឹងទៀតថា មកដល់ថ្ងៃនេះ ក្រុមការងារជួសជុល ថែទាំ ផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត កំពុងមមាញឹកសម្រុក ធ្វើការជួសជុល ថែទាំ ផ្លូវឡើងវិញ ទាំងផ្លូវជាតិ ផ្លូវខេត្តដែលគ្រប់គ្រងដោយមន្ទីរ ដោយធ្វើយ៉ាងណា មិនឲ្យមានគ្រលុកសំបុកមាន់ ដើម្បីការធ្វើដំណើរមានភាពងាយស្រួលរបស់ប្រជាពលរដ្ឋ ក្នុងឱកាស បុណ្យភ្ជុំបិណ្ឌខាងមុខនេះ៕