(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញបំណងចង់ឲ្យក្រុមហ៊ុនដែលសាងសង់ផ្ទះ ទៅផ្សាយគំរូផ្ទះ នៅភូមិ ធម្មជាតិ រុនតាឯក ខេត្តសៀមរាប ដល់អ្នកដែលបានស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ ចេញពីតំបន់រណីយដ្ឋាន អង្គរ ហើយទទួលបានដីឡូតិ៍ ដែលផ្តល់ពីរាជរដ្ឋាភិបាលនៅតំបន់នោះ។
ឯកឧត្តម ជា សុផារ៉ា បានបញ្ជាក់តាមរយៈការ Comment លើទំព័រហ្វេសបុកអចនទ្រព្យមួយ នៅថ្ងៃ ទី៦ ខែកញ្ញា ឆ្នាំ២០២២ យ៉ាងដូច្នេះថា «ខ្ញុំចង់ឲ្យក្រុមហ៊ុនដែលសាងសង់ផ្ទះ ទៅធើ្វការផ្សាយគំរូ ផ្ទះនៅភូមិធម្មជាតិរុនតាឯក ខេត្តសៀមរាប ដែលទីនោះប្រជាពលរដ្ឋត្រូវទៅតាំងទីលំនៅនៅទីនោះ ប្រមាណ២០០០គ្រួសារ ដែលបានចាប់ឆ្នោតរួច»។
ថ្មីៗនេះ រាជរដ្ឋាភិបាល បានផ្តល់ឲ្យប្រជាពលរដ្ឋ ដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តរុះរើសំណង់ ខុសច្បាប់ចេញពីតំបន់រណីយដ្ឋានអង្គរ ទៅចាប់ឆ្នោតជ្រើសរើសដីឡូតិ៍ នៅតំបន់រុនតាឯក ក្នុងមួយ គ្រួសារទទួលបានដីចំនួន ១ឡូតិ៍ ទំហំ ២០ ម៉ែត្រ x ៣០ ម៉ែត្រ។
សូមបញ្ជាក់ថា ក្រុមការងារអន្តរក្រសួងដឹកនាំដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន និងកំពុងបើកយុទ្ធនាការទ្រង់ទ្រាយធំចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នក កាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់ គ្រងរបស់អាជ្ញាធរជាតិអប្សរា៕