(ភ្នំពេញ)៖ នារសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មបានអនុញ្ញាតជូន ឯកឧត្តម ប៉ាប់ប្លូ កាំង (Pablo Kang) ឯកអគ្គរដ្ឋទូតអូស្តា្រលីប្រចាំ កម្ពុជា និងសហការី ចូលជួបពិភាក្សាការងារក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី និងតំបន់ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម រដ្ឋមន្ត្រី បានសម្តែងនូវក្តីសោមនស្សរីករាយនិងថ្លែងស្វាគមន៍ចំពោះ ឯកឧត្តមឯកអគ្គរាជទូត និងសហការី ដែលជានិច្ចកាលតែងតែអញ្ជើញចូលជួបពិភាក្សាការងារ សំដៅបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែមានភាពរស់រវើកនិងរីកចម្រើនបន្ថែម ទៀត។ក្នុងនោះឯកឧត្តម រដ្ឋមន្ត្រី បានជម្រាបជូននូវវឌ្ឍនភាពនៃសមិទ្ធផលសេដ្ឋកិច្ចអាទិភាព (PEDs) ក្រោមភាពជាប្រធាន អាស៊ានរបស់កម្ពុជា ជាពិសេសការចរចាដំទ្បើងកម្រិតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីអាស៊ាន-អូស្រ្តាលី-នូវែលហ្សេទ្បង់ (AAZNFTA Upgrade Negotiations)។
ឯកឧត្តម រដ្ឋមន្ត្រីបន្តថា កិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (AEM Special Meeting) ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ បានពិនិត្យ និងផ្តល់អនុសាសន៍ ណែនាំដល់ភាគីចរចាទាំងអស់ ដើម្បីអាចឈានដល់ការសម្រេចបានជំហររួម សំដៅបញ្ចប់ការ ចរចាជាដុំកំភួន ស្របតាមពេលវេលាកំណត់។
ឯកឧត្តម រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានជម្រាបជូនអំពីវឌ្ឍនភាពនៃដំណើរការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រី សេដ្ឋកិច្ចអាស៊ាន លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រារព្វទ្បើងនៅថ្ងៃទី១១-១៨ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តសៀមរាប។ ក្នុងនោះ ក្រុមការងារក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ជូន និងឆ្លើយ តបទៅនឹងចម្ងល់មួយចំនួនពាក់ព័ន្ធនឹងទ្បូជីស្ទីក និងការៀបចំទូទៅនានាផងដែរ។
ជាការឆ្លើយតបលោកឯកអគ្គរដ្ឋទូតអូស្ត្រាលី បានកត់សម្គាល់នូវលទ្ធផលគួរឱ្យកត់សម្គាល់នៃការ ចរចាដំទ្បើងកម្រិតនេះ និងសង្ឃឹមថា ឈានទៅបញ្ចប់តាមពេលវេលាកំណត់។ បន្ថែមពីនេះ លោកឯកអគ្គរដ្ឋទូត បានយល់ស្របថាផងដែរថា ភាគីចរចាទាំងអស់ត្រូវពន្លឿនកិច្ចពិគ្រោះយោបល់ ផ្ទៃក្នុងរបស់ខ្លួន ដើម្បីអាចឈានដល់ការបញ្ចប់ជាដុំកំភួនដូចការគ្រោងទុក ដែលជាសមិទ្ធផលអាទិ ភាពសេដ្ឋកិច្ចក្រោមភាពជាប្រធានអាស៊ាន របស់កម្ពុជា។
លោក ប៉ាប់ប្លូ កាំង ក៏បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់អូស្រ្តាលី ចំពោះកម្ពុជាក្នុងនាមជាប្រធានកិច្ច ប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ ផងដែរ។
ជាលទ្ធផលភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើវឌ្ឍភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង រវាងក្រសួងពាណិជ្ជកម្ម និងគណៈកម្មាធិការកិច្ចការពារ អ្នកប្រើប្រាស់និងការប្រកួតប្រជែងអូស្រ្តាលី (ACCC) ផងដែរ។ ក្នុងនោះ ភាគីអូស្រ្តាលី បានជម្រាប ជូនគោលបំណងរៀបចំព្រឹត្តិការណ៍អម ក្រោមក្របខ័ណ្ឌវិស័យការប្រកួតប្រជែង ក្នុងអំទ្បុងពេលនៃ កិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-អូស្រ្តាលី-នូវែលហ្សេទ្បង់លើកទី២៧ (27th AEM-CER Consulation)។
ក្នុងជំនួបពិភាក្សានេះ ឯកឧត្តម រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឯកអគ្គរដ្ឋទូតអូស្ត្រាលី បានគូសបញ្ជក់ ជាថ្មីនូវការប្តេជ្ញាចិត្ត លើកកម្ពស់កិច្ចសហប្រតិបត្តិការវាងកម្ពុជា និងអូស្រ្តាលី ឱ្យកាន់តែល្អប្រសើរ បន្ថែមទៀត៕