(សៀមរាប)៖ ក្នុងពិធីប្រកាសចូលកាន់តំណែងប្រធាន និងអនុប្រធាននាយកដ្ឋាននៃអាជ្ញាធរជាតិ អប្សរា លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សា ភិបាលអាជ្ញាធរជាតិអប្សរា បានអំពាវនាវឱ្យមន្រ្តីទាំងអស់ធ្វើការដោយស្មារតីសាមគ្គីគ្នា គោរពគ្នា និងយោគយល់គ្នាទៅវិញទៅមក។
ពិធីប្រកាសចូលកាន់តំណែងនេះធ្វើឡើងនារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ នៅអាជ្ញាធរជាតិ អប្សរា។ លោកជំទាវ ភឿង សកុណា បានបង្ហាញអារម្មណ៍ចូលរួមអបអរសាទរដល់តួនាទីថ្មីរបស់ មន្រ្តីអាជ្ញាធរជាតិអប្សរា។ លោកជំទាវ បានចាត់ទុកភារកិច្ចថ្មីនេះថាបានបង្ហាញយ៉ាងច្បាស់ចំពោះ ការខិតខំប្រឹងប្រែងក្នុងការងារបស់មន្រ្តីគ្រប់រូបក្នុងការបម្រើស្ថាប័ន។ តួនាទីជារឿងមួយ តែស្មារតី ការងារ និងក្ដីស្រឡាញ់ចំពោះការងារឯណោះទេ ដែលប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ចាត់ទុកថាជាបុគ្គលិកលក្ខណៈរបស់មន្រ្តីគ្រប់រូប ដែលទើបទទួលភារកិច្ចថ្មីនៅពេលនេះ។
លោកជំទាវ ភឿង សកុណា បានបន្តថា ស្ថាប័នមួយរីកចម្រើនទៅបាន មិនមែនដោយសារតែថ្នាក់ ដឹកនាំ មន្រ្តីថ្នាក់លើទេ តែសុទ្ធសឹងកើតឡើងពីការចូលរួមពីបុគ្គលិក ឬពលករពីក្រោមទៅ ទាំងអ្នក ជួសជុលប្រាសាទ សម្អាតបរិស្ថាន និងផ្នែកសណ្ដាប់ធ្នាប់ជាដើម ដែលមានចំណែកជួយឱ្យស្ថាប័ន ឬអង្គភាពមានភាពរឹងមាំរហូតដល់សព្វថ្ងៃ។
លោកជំទាវ ក៏បានលើកទឹកចិត្តដល់មន្រ្តីទាំងអស់ ពិសេសមន្រ្តីទើបទទួលបានតួនាទីថ្មីនៅពេល នេះឱ្យបន្តខិតខំប្រឹងប្រែងបន្តទៀត ដើម្បីអនាគតទៅថ្ងៃមុខ។ លោកស្រីរដ្ឋមន្រ្តី បានចាត់ទុក តួនាទីថ្មីនេះថាជាអំរែកមួយបន្ថែមទៀត និងកោតសរសើរចំពោះការលះបង់ដើម្បីអង្គរ។
បន្ថែមពីនេះ លោកជំទាវ ភឿង សកុណា ក៏អំពាវនាវឱ្យមន្រ្តីទាំងអស់ធ្វើការដោយស្មារតីសាមគ្គីគ្នា គោរពគ្នា និងយោគយល់គ្នាទៅវិញទៅមក ដ្បិតថាគ្រប់គ្នាសុទ្ធតែមានបន្ទុករៀងៗខ្លួនដើម្បីបុព្វហេតុ អង្គរ។
លោកជំទាវ រដ្ឋមន្រ្តី ភឿង សកុណា ផ្ដាំទៅមន្រ្តីគ្រប់រូបផងដែរថា ភាពហ្មត់ចត់ និងច្បាស់លាស់នឹង ការងារជាទុនសំខាន់ក្នុងការក្លាយខ្លួនជាថ្នាក់ដឹកនាំមួយរូបនាពេលអនាគត៕