វិមានក្រឹមឡាំងរុស្ស៉ី លើកឡើងថា «ការផ្គត់ផ្គង់ឧស្ម័នទៅកាន់អឺរ៉ុប នឹងមិនបន្តវិញឡើយរហូតទាល់តែ ទណ្ឌកម្មត្រូវបានដកចេញ»


 (មូស្គូ)៖  តាមការចេញផ្សាយដោយ សារព័ត៌មាន Aljazeera នៅថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ ២០២២ គឺ កាលពីថ្ងៃចន្ទសប្តាហ៍នេះ វិមានក្រឹមឡាំងបានព្រមានថា ការផ្គត់ផ្គង់ឧស្ម័នពីរុស្ស៉ី ទៅកាន់អឺរ៉ុប នឹងមិនបន្តឡើងវិញឡើយ រហូតទាល់តែទណ្ឌកម្មប្រឆាំងមកលើទីក្រុងមូស្គូ ត្រូវបាន ដកចេញទៅវិញ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peksov) បានលើកឡើងយ៉ាងដូច្នេះ ថា «បញ្ហានៃការផ្គត់ផ្គង់ឧស្ម័ន គឺកើតមានឡើងដោយសារតែទណ្ឌកម្ម ដែលបានដាក់ប្រឆាំងនឹង ប្រទេសរបស់យើង ព្រមទាំងក្រុមហ៊ុនជាច្រើនពីសំណាក់ ក្រុមប្រទេសលោកខាងលិច រួមមានអាល្លឺ ម៉ង់និងចក្រភពអង់គ្លេស ជាដើម។ វាពុំមានហេតុផលណាផ្សេង ដែលអាចបង្កជាបញ្ហានេះឡើង ឡើយ។ ទណ្ឌកម្មដែលបានដាក់ដោយក្រុមលោកខាងលិចទាំងនោះ គឺជាមូលហេតុតែមួយគត់ ដែលបាននាំឱ្យស្ថានការណ៍វិវត្តដល់ចំណុច ដូចដែលយើងគ្រប់គ្នាកំពុងមើលឃើញ នាពេលនេះ»

សារព្រមានរបស់វិមានក្រឹមឡាំងធ្វើឡើង ចំគ្រាដែលវិបត្តិថាមពលនៅទូទាំងតំបន់អឺរ៉ុប កំពុងកាន់ តែធ្ងន់ធ្ងរទៅថែមទៀត បន្ទាប់ពីក្រុមហ៊ុនឧស្ម័នរុស្ស៉ី Gazprom បានប្រកាសកាលពីថ្ងៃសុក្រ សប្តាហ៍មុនថា ការបិទជួលជុលម៉ាស៉ីនទួរប៊ីនបំពង់ឧស្ម័ន Nord Stream 1 ដែលពីដំបូងឡើយ គ្រោងប្រើពេលត្រឹម៣ថ្ងៃ នឹងត្រូវអូសបន្លាយដោយមិនមានពេលកំណត់៕