មនុស្ស ២១នាក់បានស្លាប់នៅក្នុងគ្រោះរញ្ជួយដីកម្រិត ៦.៨រិចទ័រ នៅខេត្តស៊ីឈួន ភាគនិរតីប្រទេសចិន

 (ប៉េកាំង)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី៥ ខែកញ្ញា ឆ្នាំ២០២២ បញ្ជាក់ថា មជ្ឈមណ្ឌលគ្រប់គ្រងគោះរញ្ជួយដី របស់ប្រទេសចិន បានឲ្យដឹងថា មាន មនុស្សចំនួន ២១នាក់បានស្លាប់បាត់បង់ជីវិត នៅក្នុងរញ្ជួយដីកម្រិត ៦.៨ រ៉ិចទ័រ ដែលបានវាយ ប្រហារតំបន់ភ្នំមួយ នៅភាគខាងលិចខេត្តស៉ីឈួន (Sichuan) ប្រទេសចិន នៅថ្ងៃត្រង់ថ្ងៃចន្ទនេះ (ម៉ោងនៅប៉េកាំង)។

មជ្ឈមណ្ឌលខាងលើបានឲ្យដឹងបន្ថែមថា ក្នុងចំណោមជនរងគ្រោះទាំង២១នាក់ខាងលើ មាន០៧ នាក់ ត្រូវបានរាយការណ៍ពីក្រុងលូឌីង (Luding) និងខេត្តស្វយ័ត Ganzi ទីបេ ខណៈ១៤នាក់ផ្សេង ទៀតនៅក្រុងស៊ីមែន (Shimian) និងក្រុងយ៉ាអាន (Ya’an)។

គួរបញ្ជាក់ថា ចំណុចកណ្តាលនៃការរញ្ជួយនេះ គឺមានទីតាំងនៅក្រុងលូឌីង (Luding) ក្នុងជម្រៅ ១៦គីឡូម៉ែត្រ និងចម្ងាយប្រហែល ១៨០គីឡូម៉ែត្រ ភាគនិរតីនៃរដ្ឋធានីចេងឌូ (Chengdu) របស់ ខេត្តស៊ីឈួន។ ប៉ុន្មាននាទីក្រោយមក រញ្ជួយដីលើកទី២ ដែលមានកម្រិត ៤.២រ៉ិចទ័រ ក៏បានវាយ ប្រហារក្រុងយ៉ាអាន (Yaan) ក្បែរក្រុង Luding។ រហូតមកដល់ពេលនេះ នៅមិនទាន់មានសេច ក្តីរាយការណ៍ណាមួយ អំពីរងគ្រោះពីគ្រោះធម្មជាតិខាងលើនេះនៅឡើយ។

កាលពីឆ្នាំ២០១៣ ទីក្រុងយ៉ាអាន បានរងការវាយប្រហារដោយរញ្ជួយដីយ៉ាងខ្លាំងក្លា ដែលបណ្តាល ឲ្យមនុស្សជាង ១០០នាក់ស្លាប់ និងរបួសរាប់ពាន់នាក់៕