ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយក្រសួងមហាផ្ទៃ និងសន្តិសុខនៃសាធារណ រដ្ឋកូរ៉េ រៀបចំវេទិការរដ្ឋាភិបាលឌីជីថលកម្ពុជា-កូរ៉េ


 (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងមហាផ្ទៃ និងសន្តិសុខនៃសាធា រណរដ្ឋកូរ៉េ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ បានសហការរៀបចំវេទិការដ្ឋាភិបាលឌីជីថលកម្ពុជា-កូរ៉េ និងតាមប្រព័ន្ធសន្និសីទវីដេអូ ដោយមានការចូលរួមពីរដ្ឋមន្រ្តីជា វ៉ាន់ដេត និងលោក Chang-Seob Han អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសន្តិសុខនៃសាធារណរដ្ឋកូរ៉េ។

វេទិកានេះត្រូវបានរៀបចំឡើង ក្នុងទិសដៅបង្ហាញពីស្ថានភាព និងវឌ្ឍនភាពរដ្ឋាភិបាលឌីជីថល នៅកម្ពុជា ក៏ដូចជាចែករំលែកចំណេះដឹង បទពិសោធ និងឧត្តមានុវត្តន៍របស់រដ្ឋាភិបាលឌីជីថលកូរ៉េ ជូនដល់ក្រសួង ស្ថាប័ន ក្នុងវិស័យសាធារណៈ វិស័យឯកជន និងអង្គការសង្គមស៊ីវិលនៅកម្ពុជា ដែលស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថល ឆ្នាំ២០២២-២០៣៥ ដែលបានដាក់ចេញ ដោយរាជរដ្ឋាភិបាលកម្ពុជា។

វេទិកានេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងស្ថាប័នរដ្ឋ គ្រឹះស្ថានសាធារណៈ រដ្ឋបាល ថ្នាក់ក្រោមជាតិ ក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ ក្រុមហ៊ុនបច្ចេកវិទ្យា អង្គការសង្គមស៊ីវិល និងដៃ គូអភិវឌ្ឍសំខាន់ៗ ដែលក្នុងនោះមានអ្នកចូលរួមផ្ទាល់ប្រមាណ១២០នាក់ និងតាមប្រព័ន្ធវីដេអូ Zoom ប្រមាណ១៥០នាក់។

ឯកឧត្តម រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានគូសរំលេចនូវ គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ផ្តោតលើចក្ខុវិស័យ «ការកសាង រដ្ឋាភិបាលឌីជីថល ដើម្បីលើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋ តាមរយៈការបម្រើ សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ» ដែលមានយន្តការថ្នាក់ជាតិដឹកនាំ សម្របសម្រួល និងអនុវត្ត ដោយមានការរៀបចំគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និងអង្គភាពទទួលបន្ទុកបរិវត្តកម្មឌីជីថល នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ដើម្បីសម្រេចបានគោលនយោបាយនេះ គោលដៅជាយុទ្ធសាស្ត្រចំនួន៤ រួមមាន ទី១) ការលើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រដ្ឋាភិ បាលឌីជីថល ទី២) ការកសាងអភិបាលកិច្ច និងសេវាសាធារណៈឌីជីថល ទី៣) ការកសាងសមត្ថ ភាព និងនវានុវត្តន៍ឌីជីថល និង ទី៤) ការលើកកម្ពស់កិច្ចសហការ និងភាពជាដៃគូវាងរដ្ឋនិងឯក ជន។

ឯកឧត្តម រដ្ឋមន្ត្រី ក៏បានជួបពិភាក្សាទ្វេភាគីជាមួយលោក Chang-Seob Han ។ ក្នុងកិច្ចប្រជុំនេះ ភាគីកូរ៉េបានធ្វើបទបង្ហាញពីវឌ្ឍនភាពភាព និងទិសដៅការងារគម្រោងរដ្ឋាភិបាលឌីជីថល គាំទ្រ ដោយរដ្ឋាភិបាលកូរ៉េ សម្រាប់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលរួមមានជាអាទិ៍ការ ស្រាវជ្រាវ ការរៀបចំបទប្បញ្ញត្តិ និងការកសាងសមត្ថភាព ជាដើម។

ឯកឧត្តម រដ្ឋមន្ត្រី បានថ្លែងអំណរចំពោះភាគីកូរ៉េ ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការ គាំទ្រការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា នាពេលកន្លងមក។ ជាមួយគ្នានេះ លោកក៏បង្ហាញជូនភាគី កូរ៉េអំពីការងារអាទិភាព និងសមិទ្ធផលរបស់ក្រសួងក្នុងរយៈពេលជាង២ឆ្នាំចុងក្រោយនេះ ដែលរួម មានការរៀបចំបទដ្ឋានគតិយុត្ត គោលនយោបាយ ហេដ្ឋារចនាសម្ព័ន្ធ ការកសាងសមត្ថភាព ការកៀរគរចំណូលជូនរដ្ឋ -ល-។

ឯកឧត្តម រដ្ឋមន្ត្រីបានស្នើរដ្ឋាភិបាលកូរ៉េ បន្តជួយគាំទ្រកម្ពុជា លើភាពជាដៃគូក្នុងវិស័យឌីជីថល ក៏ដូចជាជួយគាំទ្រគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ដែលជាគំនិតផ្តួចផ្តើមមានទិសដៅ ជំរុញការទទួលយកបច្ចេកវិជ្ជាឌីជីថល (Digital Adoption) នៅកម្ពុជា។

ភាគីកូរ៉េក៏បានកោតសសើរ ពីសមិទ្ធផលដែលក្រសួងសម្រេចបាន ក្នុងរយៈពេលដ៏ខ្លីនេះ និងចក្ខុ វិស័យដ៏ច្បាស់លាស់របស់ក្រសួង។ ឆ្លើយតបទៅនឹងសំណើរបស់លោករដ្ឋមន្ត្រីភាគីកូរ៉េ នឹងលើក សំណើនេះទៅពិភាក្សាជាមួយក្រសួងការបរទេសកូរ៉េ ដើម្បីពិនិត្យលទ្ធភាពគាំទ្រកម្ពុជា។

ព្រឹត្តិការណ៍វេទិការដ្ឋាភិបាលឌីជីថល និងកិច្ចប្រជុំទេ្វភាគីកម្ពុជា-កូរ៉េនេះ បានឆ្លុះបញ្ចាំងអំពីចក្ខុ វិស័យវែងឆ្ងាយ លើការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងប្រទេសទាំងពីរ ជាពិសេសការ ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីនេះ បានសបញ្ជាក់ឱ្យឃើញពីភាពជាអ្នកដឹកនាំរបស់កម្ពុជា ដែល ជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ។

ក្រសួងទាំងពីរបានបង្ហាញស្មារតីយ៉ាងមុតមាំ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី សំដៅបម្រើ ដល់ប្រយោជន៍ សម្រាប់ប្រជាជាតិទាំងពីរ៕