(ប៉េកាំង)៖ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ អោយដឹងថា នៅថ្ងៃចន្ទសប្តាហ៍នេះ ប្រទេសចិន បានសម្តែងការប្រឆាំងនឹងការកំណត់តម្លៃប្រេង របស់រុស្ស៊ី បន្ទាប់ពីក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ ប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) កាលពីសប្តាហ៍មុនបានព្រមព្រៀងលើការដាក់កម្រិត កំណត់លើតម្លៃប្រេងរុស្ស៊ីដើម្បីកាត់បន្ថយប្រាក់ចំណូលរបស់ទីក្រុងម៉ូស្គូ ដែលកំពុងបង្កសង្គ្រាមនៅ ប្រទេសអ៊ុយក្រែន។
ប្រទេសចិនបានបដិសេធមិនថ្កោលទោសការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ហើយមិនត្រូវបាន គេរំពឹងថានឹងគាំទ្រសកម្មភាពកំណត់ថ្លៃប្រេងនេះទេ ដោយសារការព្រួយបារម្ភរបស់ខ្លួនលើសន្តិសុខ ថាមពល ដែលប្រទេសនេះពឹងផ្អែកកាន់តែខ្លាំងលើការនាំចូលប្រេងពីរុស្ស៊ី។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់លោកស្រី Mao Ning អ្នកនាំ ពាក្យក្រសួងការបរទេសខណៈថ្លែងក្នុងសន្និសីទសារព័ត៌មានមួយដែលធ្វើឡើងជាប្រចាំថា៖ «ប្រេងគឺជាទំនិញមួយក្នុងចំណោមទំនិញសកលហើយវាមានសារៈសំខាន់ណាស់ក្នុងការធានាសុវត្ថិភាពនៃការផ្គត់ផ្គង់ថាមពលពិភពលោក»។
លោកស្រីបានបន្ថែមថា៖ «យើងសង្ឃឹមថា ប្រទេសពាក់ព័ន្ធនឹងខិតខំប្រឹងប្រែងក្នុងន័យស្ថាបនាដើម្បី បន្ធូរបន្ថយស្ថានការណ៍តាមរយៈការសន្ទនា និងការពិគ្រោះយោបល់ មិនមែនធ្វើផ្ទុយពីនេះទេ»។
ប្រទេសចិនបានក្លាយជាប្រទេសមួយក្នុងចំណោមអ្នកទិញប្រេងរុស្ស៊ី ដែលបានបញ្ចុះតម្លៃយ៉ាងច្រើន បំផុតនៅពេលដែលអឺរ៉ុបកាត់បន្ថយការនាំចូល។
ប្រទេសរុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ប្រេងធំមួយរបស់ប្រទេសចិនក្នុងរយៈពេលបីខែគិតត្រឹមខែកក្កដា ខណៈដែលក្រុមហ៊ុនចម្រាញ់ប្រេងឯករាជ្យរបស់ចិនបានបង្កើនការទិញការផ្គត់ផ្គង់ប្រេងដែលទទួលបានការបញ្ចុះតម្លៃខណៈពេលដែលកាត់បន្ថយការទិញប្រេងពីអ្នកផ្គត់ផ្គង់គូប្រជែងផ្សេងទៀតដូចជាអង់ហ្គោឡា និងប្រេស៊ីលជាដើម។
យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ គឺ ការនាំចូលប្រេងពីប្រទេសរុស្ស៊ីក្នុងរយៈពេលប្រាំពីរខែដំបូង ក្នុងឆ្នាំនេះ បានកើនឡើងដល់ ៤៨,៤៥ លានតោនកើនឡើង ៤,៤ភាគរយ ធៀបនឹងរយៈពេលដូច គ្នាកាលពីឆ្នាំមុន៕