(តៃប៉ិ)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ឆ្នាំ២០២២ បានអោយដឹងថា ក្នុងរបាយការណ៍មួយស្តីពីយោធាចិន ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍នេះ បានអះអាងថា ទីក្រុងប៉េកាំងបាននិងកំពុងសំងំ ធ្វើការហ្វឹកហ្វឺនវាយប្រហារ ទៅលើ ក្រុមនាវាយោធារបស់សហរដ្ឋអាមេរិក ហើយកំពុងមានគោលដៅរារាំងមិនឱ្យ កងកម្លាំង បរទេសចូលមកជួយកោះតៃវ៉ាន់ នៅពេលដែលសង្រ្គាមផ្ទុះឡើង។
នៅក្នុងរបាយការណ៍ខាងលើដែលផ្ញើទៅកាន់សភាតៃវ៉ាន់ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា ចិនកំពុងបន្តពង្រឹងសមត្ថភាពប្រយុទ្ធរបស់ខ្លួន សម្រាប់ការវាយប្រហារមកលើដែនកោះនេះ។ ទីក្រុងប៉េកាំងបានផ្តោតសំខាន់ជាពិសេស ទៅលើតំបន់គេហៅថា ខ្សែកោះយុទ្ធសាស្រ្តទី១ ដែលគិត ចាប់ពីភាគខាងត្បូងនៃប្រទេសជប៉ុន ហើយរត់កាត់តាមតៃវ៉ាន់, ហ្វីលីពីន រហូតទៅដល់កោះ ប័រណេអូ (Borneo)។
បើតាមការអះអាងក្នុងរបាយការណ៍ គឺចិនបាននិងកំពុងប្រើប្រាស់ការធ្វើសមយុទ្ធ ដើម្បីជាឱកាស ហាត់សមវាយប្រហារទៅលើ ក្រុមនាវាចម្បាំងរបស់អាមេរិក ដែលធ្វើដំណើរចូលមកកាន់តំបន់ខ្សែ កោះយុទ្ធសាស្រ្តខាងលើ ហើយទីក្រុងប៉េកាំងមានគោលដៅ សម្រេចឱ្យបាននូវការគ្រប់គ្រងជាយុទ្ធ សាស្រ្តលើតំបន់ខ្សែកោះនោះ នៅត្រឹមឆ្នាំ២០៣៥។
កាលពីក្នុងខែសីហាកន្លងទៅនេះ ភាពតានតឹងរវាងតៃវ៉ាន់និងចិនបានកើនឡើងកម្តៅជាខ្លាំង ក្រោយ ដំណើរទស្សនកិច្ចរបស់ ប្រធានសភាតំណាងរាស្រ្តអាមេរិក គឺលោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) នៅកោះតៃវ៉ាន់ ដែលបានបង្កឱ្យទីក្រុងប៉េកាំង មានការខឹងសម្បារជាខ្លាំង ដ្បិតចិនចាត់ទុក វាគឺជាសកម្មភាពជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន៕