(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ និងលោកស្រី Ülkü Kocaefe ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋតួកគីប្រចាំកម្ពុជា បានវាយ តម្លៃខ្ពស់ជាមួយសេចក្តីពេញចិត្តចំពោះមិត្តភាពដ៏ប្រពៃ និងកិច្ចសហប្រតិបត្តិការដ៏ល្អនាពេល បច្ចុប្បន្នរវាងប្រទេសកម្ពុជា និងតួកគី។ ប្រមុខការទូតកម្ពុជា និងលោកស្រីឯកអគ្គរដ្ឋទូត វាយតម្លៃ ដូចគ្នាបែបនេះ នៅក្នុងឱកាសនៃជំនួបសម្តែងការគួរសមដោយលោកស្រីឯកអគ្គរដ្ឋទូត នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការបរទេស។
ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ក្នុងជំនួបនោះ លោកស្រីឯកអគ្គរដ្ឋទូត Ülkü Kocaefe បាននាំនូវការសាកសួរសុខទុក្ខ និងសព្វ សាធុការពរពី លោក Mevlüt Çavuşoğlu រដ្ឋមន្រ្តីការបរទេស តួកគី ជូនចំពោះ ឯកឧត្តម ឧបនាយក រដ្ឋមន្រ្តី ប្រាក់ សុខុន ហើយលោកឧបនាយករដ្ឋមន្រ្តី បានរំលឹកឡើងវិញអំពីដំណើរទស្សនកិច្ចប្រកប ដោយផ្លែផ្ការបស់លោក ទៅកាន់ប្រទេសតួកគី កាលពីពេលថ្មីៗនេះ ក៏ដូចជាការអញ្ជើញចូលរួម របស់លោករដ្ឋមន្រ្តីការបរទេសតួកគី នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ច ប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញនាពេលកន្លងមក។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកស្រីឯកអគ្គរដ្ឋទូត Ülkü Kocaefe បានកត់ សម្គាល់ដោយការពេញចិត្តចំពោះកត្តាវិជ្ជមានមួយចំនួន ដែលនឹងត្រួសត្រាយផ្លូវសម្រាប់ការជំរុញ ទំនាក់ទំនងពាណិជ្ជកម្ម ដែលនៅមិនទាន់បានឆ្លើយតបនឹងសក្តានុពលនៃប្រទេសទាំងពីរនៅឡើយ មានជាអាទិ៍ ការសម្រេចរបស់រដ្ឋាភិបាលតួកគី ក្នុងការបង្កើតការិយាល័យទីប្រឹក្សាសម្រាប់កិច្ចការ ពាណិជ្ជកម្មប្រចាំស្ថានទូតតួកគីនៅទីក្រុងភ្នំពេញ, ការចូលជាធរមាននៃកិច្ចព្រមព្រៀងស្តីពីការជំរុញ និងការពារការវិនិយោគដោយឈរលើគោលការណ៍បដិការ, ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពី ការជៀសវាងការយកពន្ធជាន់គ្នា ក៏ដូចជា កិច្ចប្រជុំលើកទី៣នៃគណៈកម្មការចម្រុះស្តីពីសេដ្ឋ កិច្ចដែលនឹងប្រព្រឹត្តទៅនៅកម្ពុជា នៅថ្ងៃទី ១៩-២០ ខែតុលា ឆ្នាំ២០២២។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងលោកស្រីឯកអគ្គរដ្ឋទូតថ្មី ក៏បានពិភាក្សាគ្នាផងដែរអំពីមធ្យោបាយ នានាដើម្បីឈានទៅរកវិស័យថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការ និងបានឯកភាពពន្លឿនការបញ្ចប់ ឯកសារមួយចំនួន ដែលមិនទាន់បានសម្រេចនៅឡើយ ហើយដែលត្រូវការជាចាំបាច់ ដើម្បីលើក កម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី។ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនលោកស្រីឯកអគ្គ រដ្ឋទូត អំពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចពិគ្រោះយោបល់នយោបាយ លើកទី៣ រវាងប្រទេសកម្ពុជា និងតួកគី នាពេលប៉ុន្មានខែខាងមុខនេះ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលតួកគី សម្រាប់ជំនួយអភិវឌ្ឍន៍លើវិស័យមួយចំនួន ដូចជា វិស័យអភិវឌ្ឍន៍ជនបទ, អប់រំ, សុខាភិបាល, និងគម្រោងលំនៅឋានដែលអនុវត្តដោយទី ភ្នាក់ងារសម្រាប់កិច្ចសហប្រតិបត្តិការ និងសម្របសម្រួលតួកគី (Turkish Cooperation and Coordination Agency-TIKA) នៅស្រុកស្អាង។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងអំពីបញ្ហាប្រឈមនានាដែលកម្ពុជាបាន ជួបប្រទះ ក្នុងអំឡុងពេលធ្វើជាប្រធានអាស៊ាន ក៏ដូចជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្ដីការ បរទេសអាស៊ាន (AMM) លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនាពេលថ្មីៗនេះ ដោយសម្តែងនូវការពេញ ចិត្តចំពោះលទ្ធផល ដែលសម្រេចបានលើសពីការរំពឹងទុករបស់គ្រប់មជ្ឈដ្ឋាន រួមទាំងការចេញ ផ្សាយសេចក្តីថ្លែងការណ៍រួមផងដែរ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនលោកស្រីឯក អគ្គរដ្ឋទូត អំពីភាពស្មុគស្មាញនៃវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងកិច្ចខិតខំប្រឹងប្រែងរបស់លោក ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំ ចំណុចរបស់អាស៊ាន (5PC) និងជួយមីយ៉ាន់ម៉ាឱ្យវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។
លោកស្រីឯកអគ្គរដ្ឋទូត Ülkü Kocaefe បានវាយតម្លៃខ្ពស់ចំពោះភាពជាប្រធានអាស៊ានរបស់កម្ពុជា និងបានកោតសរសើរដល់កម្ពុជា ជាពិសេស ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ដែលបានគ្រប់គ្រងសម្រប សម្រួលនូវរាល់បញ្ហាក្តៅៗ និងការប្រឈមនានាប្រកបដោយជោគជ័យ នៅក្នុងអំឡុងពេលនៃកិច្ច ប្រជុំរដ្ឋមន្រ្ដី ការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនេះ៕