ឯកឧត្តម សំហេង បុរស លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញរបបគោលនយោបាយ ជាច្រើន ដើម្បីគាំពារនិវត្តន៍ជន ជាមន្ត្រីរាជការស៊ីវិល

(ភ្នំពេញ)៖ ឯកឧត្តម សំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងសង្គម កិច្ច អតីតយុទ្ធជននិងយុវនីតិសម្ប ទា និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមូលនិធិជាតិជំនួយសង្គម បានលើកឡើងថា ក្រៅពីការទទួលបានអត្ថប្រយោជន៍ក្នុងពេលបំពេញមុខងារ លោកគ្រូ អ្នកគ្រូ ក៏ទទួលបានអត្ថប្រយោជន៍ពេលចូលនិវត្តន៍ផងដែរ។

ឯកឧត្តម បានបន្ថែមថា បន្ថែមលើប្រាក់សោធនប្រចាំខែ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវរបប គោលនយោបាយជាច្រើនដើម្បីគាំពារនិវត្តន៍ជនដែលជាមន្ត្រីរាជការស៊ីវិល រួមមាន៖ បាត់បង់សម្បទាវិជ្ជាជីវៈ លំហែមាតុភាព គ្រោះថ្នាក់ការងារ ថែទាំសុខភាព មរណភាព និងជនក្នុង បន្ទុកទាំងអស់នេះជាអ្វីដែលរាជរដ្ឋាភិបាលបានផ្តល់ជូនជាការតបស្នងទៅនឹងគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន។

ការលើកឡើងរបស់ ឯកឧត្តម សំហេង បុរស បានធ្វើឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី  «របបសន្តិសុខសង្គមសម្រាប់មន្រ្តីរាជការស៊ីវិល» នៅមន្ទីរអប់រំ យុវជននិងកីឡា រាជធានីភ្នំពេញ ដែល មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តី នៃមូលជំនួយសង្គម ប្រធានការិយាខណ្ឌទាំង១២ លោកគ្រូ អ្នកគ្រូ នៅតាមគ្រឹស្ថានសិក្សាសារធារណៈ នៅរាជធានីភ្នំពេញទាំងអស់ ប្រធានការិយា ល័យមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ មន្រ្តីមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ និងមន្រ្តីមូលនិធិជាតិជំនួយសង្គម នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២២។

ឯកឧត្តម រដ្ឋលេខាធិការក្រសួងសង្គមកិច្ច រូបនេះ បានរំលេចឲ្យដឹងថា គ្រូបង្រៀនពិតជាបានដើរតួ យ៉ាងសំខាន់ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ និងសេដ្ឋកិច្ចជាតិយ៉ាងពិតប្រាកដ។ ដូចនេះហើយបានជាមានទស្សនៈជាច្រើនបានលើកឡើង លោកគ្រូ អ្នកគ្រូគឺជាឃ្លាំងទ្រព្យ និងជា ធនធានរបស់ប្រទេសជាតិ។ ឯកឧត្តម បន្តថា វត្តមាន លោកគ្រូ អ្នកគ្រូ ពិតជាសំខាន់ក្នុងការរួម ចំណែកក្នុងការអភិវឌ្ឍន៍ធនធានមនុស្សដែលប្រកបដោយគុណភាព ដែលអាចចាត់ទុកបានថាជា មូលធនមនុស្សដ៏ពិតប្រាកដ។

ក្នុងនាមប្រធានក្រុមប្រឹក្សាភិបាលមូលនិធិជាតិជំនួយសង្គម និងក្នុងនាមលោកផ្ទាល់ ឯកឧត្តម សំហេង បុរស សូមបញ្ជាក់ជូនផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់អំពីសុខទុក្ខ និងជីវភាពរស់នៅរបស់និវត្តន៍ជនតាមរយៈការផ្តល់ជូននូវប្រាក់បៀវត្ស និងអត្ថប្រយោជន៍ជាច្រើន ដូចទៅអ្វីដែលបានរៀបរាប់ខាងលើ។ ការគាំពារមួយដ៏ពេញលេញនេះ ពិតជាបានរួមចំណែក ក្នុងការសម្រាលបន្ទុកនានា ជាពិសេសការទទួលបាននូវការពិនិត្យតាមដានសុខភាព និងការព្យា បាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យឯកជនដែលជាដៃគូ របស់ ប.ស.ស. ដោយមិនបង់ ប្រាក់។

១៖ កម្រិតរបបសន្តិសុខសង្គមដែលត្រូវបន្ថែមសម្រាប់អតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន៖

កម្រិត១៖ របបសន្តិសុខសង្គមសរុបប្រចាំខែបច្ចុប្បន្នទាបជាងឬស្មើ ៦៧០ ០០០(ប្រាំមួយរយ ចិតសិបពាន់) រៀល ត្រូវបន្ថែមឱ្យដល់ត្រឹម៦៩០ ០០០(ប្រាំមួយរយកៅសិបពាន់)រៀល ក្នុង១ខែ

កម្រិត២៖ របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នក្នុងចន្លោះចាប់ពី៦៧០ ០០១(ប្រាំមួយរយចិតសិប ពាន់មួយ)រៀល ដល់ត្រឹម៨០០ ០០០(ប្រាំបីរយពាន់)រៀល ត្រូវផ្តល់ជូនបន្ថែមចំនួន ២០ ០០០ (ម្ភៃពាន់) រៀល ក្នុង១ ខែ

កម្រិត៣៖ របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នក្នុងចន្លោះចាប់ពី ៨០០ ០០១(ប្រាំបីរយពាន់មួយ) រៀល ដល់ត្រឹម ៨១០ ០០០(ប្រាំបីរយដប់ពាន់) រៀល ត្រូវបន្ថែមឱ្យដល់ចំនួន ៨២០ ០០០ (ប្រាំបីរយម្ភៃពាន់)រៀល ក្នុង១ខែ

កម្រិត៤៖ របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នក្នុងចន្លោះចាប់ពី ៨១០ ០០១(ប្រាំបីរយដប់ពាន់ មួយ) រៀល ឡើងទៅត្រូវផ្តល់ជូនបន្ថែមចំនួន១០ ០០០(ដប់ពាន់)រៀល ក្នុង១ខែ

២៖ ឧបត្ថម្ភចំពោះជនពិការ និងជនបាត់បង់សមត្ថភាពការងារថ្នាក់ទី១ ជាអតីតយុទ្ធជនដែលបាន ធ្វើសមារណកម្មមុន ឆ្នាំ២០១៥ ត្រូវបន្ថែមរបបឧបត្ថម្ភជូនអ្នកបម្រើក្នុង១នាក់ ២០០ ០០០ (ពីររយពាន់)រៀល ក្នុង១ខែ៕