(យូអិន)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០២២ បញ្ជាក់ថា អង្គការសហប្រជាជាតិ (UN) នៅថ្ងៃអង្គារនេះ បានចាប់ផ្តើមការរៃ អង្គាសថវិកាជាបន្ទាន់ចំនួន ១៦០លានដុល្លារអាមេរិក ដើម្បីយកទៅជួយប៉ាគីស្ថានដោះស្រាយ វិបត្តិគ្រោះទឹកជំនន់ដ៏សែនអាក្រក់ ដែលបានផ្តាច់ជីវិតមនុស្សកើនដល់ជាង ១,១០០នាក់, បំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធនិងផលដំណាំជាច្រើន ព្រមទាំងជះផលប៉ះពាល់ទៅលើ មនុស្សយ៉ាងហោច ៣៣លាននាក់។
ក្នុងសារជាឃ្លីបវីដេអូនាឱកាសចាប់ផ្តើម ការរៃអង្គាសថវិកាខាងលើ អគ្គលេខាធិការរបស់ UN លោក អាន់តូនីញ៉ូ ហ្គូតឺរ៉េស (Antonio Guterres) បានលើកឡើងដូច្នេះថា «ប៉ាគីស្ថានកំពុង ជន់លិចក្រោមទុក្ខវេទនា ខណៈប្រជាជនប៉ាគីស្ថាន កំពុងប្រឈមនឹងរដូវមូសុងដ៏សាហាវ ដែលបង្ក ឱ្យភ្លៀងធ្លាក់និងការលិចលង់យ៉ាងខ្លាំងក្លា»។
លោក ហ្គូតឺរ៉េស បានបន្ថែមថា មហន្តរាយទឹកជំនន់នៅប៉ាគីស្ថាន គឺទាមទារឱ្យមានការយកចិត្តទុក ដាក់រួមជាអាទិភាពពីអន្តរជាតិ។ បើតាមលោកប្រមុខអង្គការសហប្រជាជាតិ ថវិកា១៦០លានដុល្លារ ដែលលោកសង្ឃឹមថា នឹងរៃអង្គាសបានក្នុងពេលមិនយូរនោះ នឹងអាចផ្តល់ឱ្យមនុស្សយ៉ាងហោច ៥.២លាននាក់ នូវស្បៀងអាហារ, ទឹក, អនាម័យ, ការអប់រំ និងការគាំទ្រផ្នែកសុខភាព៕