រដ្ឋមន្ត្រីការបរទេសជប៉ុន បញ្ជាក់ប្រាប់អ៊ីស្រាអែលពីការគាំទ្ររបស់ជប៉ុន ចំពោះដំណោះស្រាយរដ្ឋពីរ សម្រាប់បញ្ហាប៉ាឡេស្ទីន


 (តូក្យូ)៖  យោងតាមការចេញផ្សាយដោយ សារព័ត៌មាន Arab News Japan នៅថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០២២​ អោយដឹងថា រដ្ឋមន្ត្រីការបរទេសជប៉ុន លោក HAYASHI Yoshimasa បានជួបជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិរបស់អ៊ីស្រាអែល លោក Benjamin Gantz កាលពីថ្ងៃអង្គារ ហើយបានរំលឹកឡើងវិញពីការគាំទ្ររបស់ជប៉ុន ចំពោះដំណោះ ស្រាយរដ្ឋពីរ ដើម្បីដោះស្រាយជម្លោះជាមួយប៉ាឡេស្ទីន។

លោក Hayashi បានសម្តែងក្តីសង្ឃឹមថា វិធានការកសាងទំនុកចិត្តដែលធ្វើឡើងដោយភាគី រៀងៗខ្លួន នឹងនាំទៅរកការបន្ធូរបន្ថយភាពតានតឹងនៅក្នុងតំបន់។ ចំណែកឯ លោកGantz បាន ចែករំលែក ទស្សនៈ របស់ អ៊ីស្រាអែល លើ ស្ថានការណ៍ ក្នុង តំបន់រួមទាំងបញ្ហា អ៊ីរ៉ង់ និង មជ្ឈិម បូព៌ាផងដែរ។

យោងតាមក្រសួងការបរទេសជប៉ុន ភាគីទាំងពីរបានពិភាក្សាអំពីតម្រូវការ សម្រាប់កិច្ចសហការពី សហគមន៍អន្តរជាតិ បន្ទាប់ពីមានការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។ ពួកគេក៏បានផ្លាស់ប្តូរទស្សនៈអំពីស្ថានភាពនៅអាស៊ីបូព៌ា និងបានកត់សម្គាល់ថា ឆ្នាំនេះជាខួប លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត ដោយបានយល់ព្រមបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ គ្នា៕