ឯកឧត្តម ហេង សួរ អំពាវនាវឱ្យពលករខ្មែរនៅក្រៅប្រទេស កុំរត់ចោលការងារ ព្រោះតែជំនឿទឹកលិច ពិភពលោក


 (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវ នាវដល់ប្រជាពលរដ្ឋខ្មែរកំពុងធ្វើការនៅក្រៅប្រទេសជាពិសេសប្រទេសកូរ៉េ និងជប៉ុន កុំរត់ចោល ការងារវិលត្រឡប់មកកម្ពុជាទាំងតក់ក្រហល់ ព្រោះវានាំឱ្យបាត់បង់ការងារ និងចំណូល។

ការអំពាវនាវរបស់ ឯកឧត្តម ហេង សួរ បានធ្វើឡើង បន្ទាប់ពីមានពលករខ្មែរមួយចំនួននៅកូរ៉េ នៅជប៉ុន នៅថៃ និងបណ្តាប្រទេសមួយចំនួន បាននាំគ្នាដើរចោលការងារវិលត្រឡប់មកកម្ពុជាវិញ ព្រោះតែជឿការឃោសនាបែបអកុសលរបស់លោក ឃឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បី ប្រជាធិបតេយ្យ។ លោក ឃឹម វាសនា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានសាបព្រោះនូវព័ត៌មានបែប អបិយជំនឿថា ពិភពលោកនឹងជួបគ្រោះទឹកលិចលង់ ហើយនៅសល់តែភ្នំគូលេន ខេត្តសៀមរាប ប៉ុណ្ណោះ ដែលមិនលិច។

ព័ត៌មានមួយនេះបានធ្វើឱ្យប្រជាពលរដ្ឋខ្មែរមួយចំនួនបានជឿដោយខ្វះការពិចារណានាំគ្នាទៅកាន់ភ្នំគូលេន ខេត្តសៀមរាប ទីតាំងដែលលោក ឃឹម វាសនា កំពុងរស់នៅ ដើម្បីគេចខ្លួនពីការលិចលង់។ មិនត្រឹមតែពលរដ្ឋខ្មែរក្នុងប្រទេសនោះទេ សូម្បីពលករខ្មែរនៅក្រៅប្រទេសមួយចំនួន ក៏លង់ជឿលើ ជំនឿគ្មានហេតុផលនេះ។

ឯកឧត្តម ហេង សួរ បានចេញអំពាវនាវកុំឱ្យពលករខ្មែរនៅក្រៅប្រទេសចាញ់បោកនូវព័ត៌មាន អបិយជំនឿនេះ ហើយត្រូវបន្តនៅធ្វើការ។ លោក ហេង សួរ បានអំពាវនាវយ៉ាងដូច្នេះ «នេះជា អបិយជំនឿមួយមិនសមហេតុផល ហើយការធ្វើបែបនេះ វានឹងធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ របស់បងប្អូន ព្រោះថាទាំងជនជាតិយើង ក៏ដូចជាជនជាតិដទៃទៀត គឺគេចង់បានឱកាសទៅធ្វើការ ងារនៅកូរ៉េ ឬក៏ប្រទេសជប៉ុន ដល់ពេលយើងទៅដល់ទីនោះហើយ បែរជាយើងវិលត្រឡប់មកវិញ ដោយឈរលើអបិយជំនឿ ដែលមិនសមហេតុផលនេះ គឺវាជាការសោកស្តាយ»។

ឯកឧត្តម បន្តថា «សូមឱ្យបងប្អូនយើងយកលក្ខណៈវិទ្យាសាស្ត្រធ្វើជាគោល ហើយគិតពីផល ប្រយោជន៍របស់ខ្លួនផងដែរថា បើចេញមកទាំងបង្ខំបែបនេះ គឺមិនមានច្បាប់ ដើម្បីវិលត្រឡប់ទៅ ប្រទេសកូរ៉េវិញទេ ដូច្នេះវាធ្វើឱ្យបាត់បង់ឱកាសការងារដ៏ល្អ និងបាត់បង់ចំណូលសម្រាប់គ្រួសារផង ដែរ»។ ប្រជាពលរដ្ឋខ្មែរលេងបណ្តាញសង្គមជាច្រើន ក៏បានប្រតិកម្មនឹងការផ្សព្វផ្សាយអបិយ ជំនឿរបស់លោក ឃឹម វាសនា ផងដែរ។ អ្នកលេងបណ្តាញសង្គមខ្លះ បានចាត់ទុកការឃោសនា របស់លោក ឃឹម វាសនា ជាការបង្កចលាចលនៅក្នុងសង្គម ហើយចង់អាជ្ញាធរពិនិត្យ និងទប់ស្កាត់ លើរឿងនេះ៕