(ភ្នំពេញ)៖ នៅក្នុងជំនួបសំណេះសំណាលជាមួយនាយកប្រចាំប្រទេសនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (Koica) ដឹកនាំដោយលោក Rho Hyun jun នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២២ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងបញ្ជាក់ថា កម្ពុជានឹងមិនធ្វើឱ្យ ម្ចាស់ ជំនួយខកចិត្តនោះទេ លើការផ្តល់ជំនួយ សម្រាប់ការអភិវឌ្ឍផ្សេងៗដែលម្ចាស់ជំនួយចង់បាន ។ ឯកឧត្តម អភិបាលរាជធានី ក៏បានថ្លែងអំណរគុណល់សាធារណៈកូរ៉េ តាមរយៈស្ថានទូតកូរ៉េ និងទីភ្នាក់ងារ Koica កូរ៉េ ដែលបានជួយដល់ការអភិវឌ្ឍនៅកម្ពុជា និងការ អភិវឌ្ឍន៍នៅរាជធានី ភ្នំពេញ អស់រយៈពេលជាង៣០ឆ្នាំកន្លងមកហើយ លើវិស័យទឹកស្អាត, សុខាភិបាល, ការបណ្តុះ បណ្តាលវិជ្ជាជីវៈ ការងារចរាចរជាដើម ដែលកិច្ច សហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េ បានឈាន ដល់ការអភិវឌ្ឍន៍នៅរាជធានីភ្នំពេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន។
ជាមួយគ្នានោះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានជំរាបជូនពីស្ថានភាពទូទៅនៃដំណើរការអភិវឌ្ឍន៍ រាជធានីភ្នំពេញ ក្រោយពីទទួលបានសុខសន្តិភាពពេញលេញក្រោម នយោបាយឈ្នះឈ្នះ របស់ សម្តេចតេជោ ពិសេសការដាក់ចេញនូវវិធានការទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ប្រកបដោយ ប្រសិទ្ធភាព ធ្វើឲ្យកម្ពុជាអាចបើកប្រទេស ឡើងវិញ។
លោក Rho Hyun Jun ក៏បានសម្តែងមោទកភាព ក្នុងពេលដែលលោកបានបំពេញបេសកកម្ម នៅរាជធានីភ្នំពេញ រយៈពេល៣ឆ្នាំកន្លងមក ដោយមានភាពកក់ក្តៅ ទោះបីស្ថិតក្នុងបរិបទជំងឺ កូវីដ១៩ក្តី។
លោកបានអះអាងទៀតថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ Koica បានធ្វើសកម្មភាពជួយ ដល់ប្រទេសនានា ចំនួយ២៧ប្រទេស ក្នុងនោះប្រទេសកម្ពុជា ជាប្រទេស អាទិភាពទាំង៦ នៅអាស៊ី ដែលកយការ ចាត់ទុកជាគោលដៅអាទិភាពក្នុងការអភិវឌ្ឍ។
សូមបញ្ជាក់ថា ជំនួបនេះពិភាក្សាបានផ្តោតសំខាន់ ទៅលើការស្នើសុំគម្រោងលើកកំពស់សេវា សុខាភិបាលសាធារណៈ នៅមន្ទីរពេទ្យបង្អែកដង្កោរ រាជធានីភ្នំពេញ ដែលបានដាក់ឯកសារ បន្ថែម ទៅកាន់ទីភ្នាក់ងារ KOICA កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីគម្រោងជ្រើសរើសជា គម្រោងអាទិភាព ក្នុងការផ្តល់ ហិរញ្ញប្បទាន សំរាប់ឆ្នាំ២០២៤ ដើម្បីឱ្យមន្ទីរពេទ្យនេះ អាចមាន សមត្ថភាពកាន់តែប្រសើរ និងអាចឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងតំបន់កាន់តែពេញ លេញ៕