វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់កូនក្មេងជិត ៣០ម៉ឺនដូស ជំនួយរបស់អូស្ត្រាលីបានដឹកមក ដល់កម្ពុជាហើយ


 (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ២៨៣,០០០ដូសបន្ថែមទៀត ដែលជាជំនួយរបស់រដ្ឋាភិបាលអូស្ត្រាលី បានដឹកមកដល់កម្ពុជា ហើយ។ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកគ្រប់គ្រងវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ បានប្រាប់ឱ្យដឹងថា វ៉ាក់សាំងដែលជាជំនួយរបស់អូស្ត្រាលីនេះ ប្រភេទ Pfizer សម្រាប់ចាក់ជូនកូនក្មេង។

អូស្ត្រាលី ជាប្រទេសមួយដែលបានជំនួយជាវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងបរិក្ខារផ្សេង សម្រាប់ រួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅកម្ពុជា។ កាលពីខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះ កម្ពុជាក៏ទទួលបានវ៉ាក់សាំងកូវីដ១៩ ប្រភេទ Pfizer ជាជំនួយរបស់ប្រទេសអូស្ត្រាលី ចំនួន១៩៦ ៨០០ដូស សម្រាប់ចាក់ជូនកុមារ។ ចំណែកកាលពីខែធ្នូ ឆ្នាំ២០២១កន្លងទៅ រដ្ឋាភិបាល និង ប្រជាជនអូស្ត្រាលី បានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer ចំនួនជាង ២.៣លានដូស រួចម្តងហើយ។ ការផ្តល់ជំនួយវ៉ាក់សាំង និងបរិក្ខារផ្សេងៗនេះ បានបង្ហាញឃើញពីការយកចិត្តទុក ដាក់ខ្ពស់មួយរបស់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូច ជាជួយការពារអាយុជីវិតប្រជាពលរដ្ឋខ្មែរពីជំងឺកូវីដ១៩។

វ៉ាក់សាំង គឺជាបង្អែកដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាការពារអាយុជីវិត ប្រជាពលរដ្ឋពីជំងឺឆ្លងសាកលមួយនេះ។ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាអគ្គមេបញ្ជាការកំពូលក្នុងសង្គ្រាមកូវីដ១៩ បានផ្តល់តម្លៃខ្ពស់បំផុតលើការងារចាក់វ៉ាក់សាំង ដើម្បីលុបបំបាត់ជំងឺកូវីដ១៩ និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងការអំពាវនាវឱ្យពលរដ្ឋអនុវត្តន៍វិធានសុខាភិបាលក្នុងការការពារជំងឺកូវីដ១៩ហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញនូវគោលនយោបាយចាក់វ៉ាក់សាំងតាមយុទ្ធសាស្ត្រ ផ្ការីក។ តាមរយគោលនយោបាយចាក់ស្រោចវ៉ាក់សាំងនេះ បានធ្វើឱ្យកម្ពុជាឈានទៅទទួលបាន ជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

យោងតាមលោកជំទាវ យក់ សម្បត្តិ រហូតមកដល់ពេលនេះកម្ពុជា កម្ពុជាទទួលបានវ៉ាក់សាំងសរុប ជាង ៧៤លានដូស ហើយនៅសល់ក្តុងឃ្លាំងចំនួនជាង ៧លានដូស។

របាយការណ៍របស់ក្រសួងសុខាភិបាល បានឱ្យដឹងដែរថា មកដល់ពេលបច្ចុប្បន្ន កម្ពុជា ចាក់វ៉ាក់ សាំងជូនប្រជាពលរដ្ឋបានជិត ៩៥ភាគរយ នៃចំនួនប្រជាពលរដ្ឋសរុប។ ក្នុងនោះ ដូសទី១ បានជាង ១៥លាននាក់, ដូសទី២ បានជាង ១៤លាននាក់, ដូសទី៣ បានជិត ១០លាននាក់, ដូសទី៤ បាន ជិត ៤លាននាក់ និងដូសទី៥ បានជាង ៦០ម៉ឺននាក់។

បើទោះបីជាពេលបច្ចុប្បន្នស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ១៩ បានថមថយយ៉ាងណាក្តី តែ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំ នៅតែបន្តប្រកាន់ យកនូវនយោបាយចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋសម្រាប់ដូសជំរុញជាបន្តបន្ទាប់ ដរាបណាជំងឺ កូវីដ១៩មិនទាន់បាត់ពីភពផែនដីទេនោះ។ សម្តេចតេជោ ហ៊ុន សែន តែងបានអំពាវនាវដល់ពល រដ្ឋឱ្យទៅទទួលវ៉ាក់សាំងដូសជំរុញ ដើម្បីបង្កើនកងការពារសុខភាពពីជំងឺកូវីដ១៩៕