ក្រសួងរៀបចំដែនដី រួមចំណែករកចំណូលសម្រាប់ថវិកាជាតិបាន ១៥០លានដុល្លារពីវិស័យដីធ្លី និងសំណង់ ក្នុង១ឆ្នាំ


(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរួមចំណែករកចំណូលសម្រាប់ ថវិកាជាតិប្រមាណ១៥០លានដុល្លារ ក្នុងមួយឆ្នាំ ពីវិស័យដីធ្លី និងសំណង់។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក សេង ឡូត អគ្គនាយក និងជាអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក សេង ឡូត អញ្ជើញចូលរួមក្នុងសន្និសីទ សារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់» នៅទីស្តីការគណៈរដ្ឋមន្ត្រី សាលសេរីភាព ជាន់ផ្ទាល់ដី នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ។

លោក សេង ឡូត បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាស្ថាប័នផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ទៅលើវិស័យដីធ្លី និងសំណង់ […] ក្នុងមួយ ឆ្នាំក្រសួងនេះ បានចូលរួមចំណែក នៅក្នុងការរកចំណូលចូលថវិកាជាតិ បានប្រមាណ១៥០លាន ដុល្លារ»

លោក សេង ឡូត ពន្យល់ថា «ចំណូលដែលប្រមូលនៅស្ថាប័នរដ្ឋបាលសូរិយោដី និងសំណង់ដែលជា សេវាមិនមែនពន្ធ គឺប្រមូលបានប្រមាណ៣០លានដុល្លារ ក្នុងមួយឆ្នាំ។ ដោយឡែកចំណូលដែល ប្រមូល ដោយអង្គភាពពន្ធដារ ប៉ុន្តែប្រតិបត្តិការទាំងអស់ ត្រូវបានចាត់ចែងដោយរដ្ឋបាលសុរិយោដី ដែលហៅថា ពន្ធប្រថាប់ត្រា ក្នុងមួយឆ្នាំ បានប្រមាណ១២០លានដុល្លារ ដូច្នេះក្រសួងរកបាន ប្រមាណ១៥០លានដុល្លារ ក្នុងមួយឆ្នាំ ពីវិស័យដីធ្លី និងសំណង់»

លោកបានលើកឡើងថា សេវាសាធារណៈរបស់ក្រសួង ត្រូវបានបង្កលក្ខណៈឲ្យកាន់តែសាមញ្ញ រួមជាមួយនឹងការកាត់រយៈពេលឲ្យបានខ្លី ក្រោមគំនិតផ្ដួចផ្ដើមផ្ទាល់ របស់ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដូចជា ការបិទផ្សាយសាធារណៈ នៅក្នុងការចុះបញ្ជីដីធ្លី ពី៣០ថ្ងៃ មក១៥ថ្ងៃ, ការសម្រួល ការចុះហត្ថលេខាបញ្ជាក់លើលិខិតយថាភូត ជាលិខិតលក់ផ្តាច់ សម្រួលត្រឹមតែចុះបញ្ជី ដោយមេឃុំ ឬចៅសង្កាត់។

បន្ថែមពីនោះទៀត លោក សេង ឡូត បានគូសបញ្ជាក់ថា ការផ្តល់សេវាសាធារណៈនេះ ក្រសួងខិត ខំធ្វើយ៉ាងណា ឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងសំណូមពរ ដែលប្រជាពលរដ្ឋចង់ បាន ពោលគឺធ្វើឲ្យប្រជាពលរដ្ឋទទួលបានសេវានេះ ប្រកបដោយការពេញចិត្តពេញថ្លើម។

គូសបញ្ជាក់ផងដែរថា ចំណូលពីកម្រៃសេវាសាធាណៈ ការជួលអចលវត្ថុ និងពន្ធលើការផ្ទេរអចលន វត្ថុ ប្រមូលបានពីឆ្នាំ២០១៨ ដល់៦ខែ ដើមឆ្នាំ២០២២ សរុបចំនួន២,២៣៦,៨៣៦លានរៀល៕