លោក បៃដិន ប្រកាសផ្តល់កញ្ចប់ជំនួយសព្វាវុធដល់អ៊ុយក្រែនក្នុងតម្លៃជិត ៣ពាន់លានដុល្លារអាមេរិក ដើម្បីប្រារព្ធទិវាឯករាជ្យរបស់ក្រុងកៀវ


 (កៀវ)៖  យោងតាមការចេញផ្សាយដោយសារព័ត៌មាន The HILL នៅថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២ បញ្ជាក់ថា លោក ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រារព្ធទិវាឯករាជ្យរបស់ អ៊ុយក្រែននៅថ្ងៃពុធនេះ ដោយបានប្រកាស កញ្ចប់ជំនួយសន្តិសុខជិត៣ពាន់លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការប្រយុទ្ធរបស់ក្រុងកៀវ ប្រឆាំងនឹងការឈ្លានពានរបស់ រុស្ស៊ី។

ការប្រកាសរបស់សេតវិមាននេះ បានកើតឡើងនៅពេលដែលអ៊ុយក្រែនបានត្រៀមលក្ខណៈ សម្រាប់ការវាយប្រហារកាន់តែខ្លាំងពីសំណាក់រុស្ស៊ីនៅថ្ងៃបុណ្យឯករាជ្យរបស់ខ្លួន ដែលក៏ស្របពេល ជាមួយនឹងរយៈពេលប្រាំមួយខែ នៃការចាប់ផ្តើមយុទ្ធនាការយោធារបស់ទីក្រុងម៉ូស្គូផងដែរ។

លោក បៃដិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅព្រឹកថ្ងៃពុធនេះដោយប្រកាសកញ្ចប់ អាវុធ និងឧបករណ៍យោធាក្នុងទឹកប្រាក់ចំនួន ២.៩៨ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន។ លោកបានលើកឡើងថា «ក្នុងរយៈពេលប្រាំមួយខែកន្លងមកនេះ ប្រជាជនអ៊ុយក្រែនបានបំផុស ពិភពលោក ជាមួយនឹងភាពក្លាហានដ៏អស្ចារ្យ និងការលះបង់របស់ពួកគេចំពោះសេរីភាព»៕