មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ លើកឡើងថាអាជ្ញាធរកម្ពុជា មិនទាន់រកឃើញថា មានជនជាតិចិនតៃវ៉ាន់ រងគ្រោះដោយការជួញដូរមនុស្ស ដូចការផ្សាយព័ត៌មានឡើយ

 (ភ្នំពេញ)៖ អាជ្ញាធរជំនាញរបស់កម្ពុជា មិនទាន់រកឃើញថា មានជនជាតិចិនតៃវ៉ាន់ រងគ្រោះដោយ សារការជួញដូរមនុស្ស នៅក្នុងប្រទេសកម្ពុជា ដូចការផ្សាយព័ត៌មាននោះឡើយ។ នេះបើតាម លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ ជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)។

នគរបាលក្រុងតៃប៉ិ នៃកោះតៃវ៉ាន់ កាលពីពាក់កណ្តាលខែសីហានេះ បានសន្និដ្ឋានថា មានជនជាតិ ចិនតៃវ៉ាន់ ចន្លោះពី ២,០០០នាក់ ទៅ ៥,០០០នាក់ ត្រូវបានរងគ្រោះដោយសារការជួញដូរមនុស្ស នៅក្នុងប្រទេសកម្ពុជា។ បន្ថែមលើនេះ បើតាមការផ្សាយដោយ សារព័ត៌មាន Taipei Times កាលពីថ្ងៃទី២០ ខែសីហា បានអះអាងដែរថា មានមនុស្សចំនួន ១៦នាក់ ត្រូវបានចាប់ខ្លួន ដោយ នគរបាលដាក់ការសង្ស័យថា ពួកគេរួមគំនិតជាមួយអង្គការឧក្រិដ្ឋកម្មបរទេស ដើម្បីទាក់ទាញប្រជា ជនកោះតៃវ៉ាន់ ទៅធ្វើការនៅប្រទេសកម្ពុជា តាមរយៈការសន្យាផ្តល់ឲ្យនូវប្រាក់ខែខ្ពស់។

ថ្លែងក្រោយជំនួបជាមួយក្រុមមន្ត្រីនៃអង្គការដៃគូរ និងអង្គការសហប្រជាជាតិ ពាក់ព័ន្ធបញ្ហាសិទ្ធិ មនុស្ស នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ លោកស្រី ជូ ប៊ុនអេង បានអះអាងថា នៅក្នុងការបង្ក្រាប​អំពើជួញដូរមនុស្សកន្លងមក មិនទាន់មានករណីដូចការផ្សាយនោះទេ។ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានបន្ថែមថា អ្នកធ្វើដំណើរមកកម្ពុជា តែមិនឃើញទៅមាតុភូមិវិញ មិនប្រាកដថា ជួបប្រទះអំពើជួញដូរមនុស្សនោះទេ ហើយបើស្រាវជ្រាវមិនទាន់ឃើញ ក៏មិនប្រាកដ ថា ករណីជួញដូរមនុស្សកើតឡើងនៅកម្ពុជាដែរ។

លោកជំទាវ ជូ ប៊ុនអេង បានបញ្ជាក់យ៉ាងដូច្នេះថា «ជនជាតិចិនតៃវ៉ាន់ កន្លងមកដែលបានលើកឡើង នៅក្នុងសារព័ត៌មាន នៅក្នុងការបង្ក្រាបរបស់យើងអត់ទាន់ឃើញមានករណីហ្នឹងនៅឡើយទេ។ ហើយយើងអត់ចង់ឲ្យការផ្សព្វផ្សាយនេះ មានត្រឹមតែថា អត់មានឃើញមនុស្សត្រឡប់ទៅវិញ គិតថា ជាការរងគ្រោះនៅកម្ពុជាអីនោះ ពីព្រោះយើងអត់ដឹងថា ដំណើរពួកគាត់ទៅណាខ្លះទេ»

ក្រោយកិច្ចប្រជុំពិភាក្សា ដើម្បីលើកឡើងពីការព្រួយបារម្ភរបស់អង្គការសហប្រជាជាតិ អំពីការកើន ឡើងនូវបញ្ហាជួញដូរមនុស្សនៅកម្ពុជារវាងគណៈកម្មធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងតំណាងអង្គការសហប្រជាជាតិនៅកម្ពុជា លោកស្រី ជូ ប៊ុនអេង បានឲ្យដឹងទៀតថា ៧ខែ ឆ្នាំ ២០២២នេះ អាជ្ញាធរកម្ពុជា បានបង្ក្រាបអំពើជួញដូរមនុស្ស ៧៤ករណី ហើយបានចាប់ខ្លួនជន ជាតិចិន ម៉ាឡេស៉ី វៀតណាម និងជនជាតិខ្មែរ ៦០នាក់ បញ្ជូនទៅតុលាការ ដោយសង្ស័យជាប់ពាក់ ព័ន្ធនឹងអំពើជួញដូរមនុស្សខុសច្បាប់។ ក្នុងនេះ គឺអាជ្ញាធរសង្គ្រោះមនុស្សបានជាង ៦០០នាក់ មាន ១១សញ្ជាតិ តែមិនឃើញមានសញ្ជាតិចិនតៃវ៉ាន់ឡើយ។

សារព័ត៌មាន Taipei Times បានផ្សាយទៀតថា ជនជាតិចិនតៃវ៉ាន់ ដែលត្រូវបានជួយសង្គ្រោះពីការ ឃុំឃាំងនៅកម្ពុជា បានអះអាងថា បានរងការវាយធ្វើបាប តាមមធ្យោបាយផ្សេងៗ ដោយអ្នកជួញដូរ មនុស្ស នៅក្នុងសណ្ឋាគារមួយចំនួន ក្នុងខេត្តព្រះសីហនុ។

កាលពីល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ លោក វិទិត មុតតាបន អ្នករាយការណ៍ពិសេសរបស់ អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា បានដឹកនាំប្រតិភូទៅខេត្តព្រះសីហនុ ដើម្បីជួបជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ពិភាក្សាការងារពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម នេះ។ ឯកឧត្តម គួច ចំរើន បានលើកឡើងថា ស្ថានភាពជាក់ស្តែងនៅខេត្តព្រះសីហនុ គឺខុសពីអ្វី ដែលប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានផ្សព្វផ្សាយ ដូច្នេះលោកសំណូមពរដល់ប្រតិភូ កត់ត្រាអ្វីដែល ជាការពិត។

ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានផ្សព្វផ្សាយរបាយការណ៍ ឆ្នាំ២០២២ ស្តីពីការជួញដូរមនុស្ស។ ក្នុងបាយការណ៍នោះ គឺអាមេរិក បានដាក់កម្ពុជា វៀតណាម តំបន់ម៉ាកាវ របស់ចិន និងប្រទេសផ្សេងទៀត ពីបញ្ជីស្ថិតក្រោមការឃ្លាំមើលនៅកម្រិត២ ទៅកម្រិត ៣ ដែលគេស្កាល់ជាទូទៅថា បញ្ជីខ្មៅ ដែលជាកម្រិតដ៏អាក្រក់។

អាមេរិកចោទប្រកាន់ថា កម្ពុជា និងប្រទេសទាំងនោះ មានកិច្ចខិតខំតិចតួច និងមិនបានគោរពតាម ស្តង់ដារនៃការលុបបំបាត់ការជួញដូរមនុស្ស។ អាមេរិកក៏បានដាក់ចិនជាប្រទេសមួយស្ថិតក្នុងកម្រិត៣ នៃការជួញដូរមនុស្សផងដែរ ហើយរដ្ឋាភិ បាលចិន បានច្រានចោល និងបានលើកឡើងថា អាមេរិកជាប្រទេស ដែលមានអំពើជួយដូរច្រើន ជាងគេបំផុតក្នុងលោកផងដែរ។

កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ បានចាប់ផ្តើមបើកប្រតិបត្តិការទ្រង់ទ្រាយធំ ដើម្បីត្រួតពិនិត្យការស្នាក់នៅរបស់ជនបរទេសនៅកម្ពុជា។ សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ប្រតិបត្តិការរបស់ក្រសួងមហាផ្ទៃ ដែលត្រួតពិនិត្យ ការរស់នៅរបស់ជនបរទេសទាំងអស់នៅក្នុងប្រទេសកម្ពុជា ត្រូវបានធ្វើឡើងដោយលើកលែង តែមន្រ្តីការទូតប៉ុណ្ណោះ ដើម្បីពិនិត្យភាពស្របច្បាប់ និងរកមុខសញ្ញាដែលពាក់ព័ន្ធនឹងជួញដូរ មនុស្ស៕