សម្តេចតេជោ ហ៊ុន សែន ប្រាប់ក្រុមអ្នកវិភាគដូរបាយថា ឯកឧត្តម ហ៊ុន ម៉ាណែត មិនមែនជួបតែ មេដឹកនាំវៀតណាមនោះទេ


 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងការប្រតិកម្ម និងសោក ស្តាយជាខ្លាំងចំពោះក្រុមវិភាគដូរបាយមួយចំនួន ដែលបានវិភាគបែបអវិជ្ជមាន និងមានចេតនា បង្អាប់កិត្តិស័ព្ទរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមកាល ពីពេលថ្មីៗនេះ។

ជាមួយរូបភាពជាច្រើនសន្លឹកដែល ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានជួបជាមួយមេដឹកនាំល្បីៗ ក្នុងតំបន់ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ឯកឧត្តម ហ៊ុន ម៉ាណែត មិនមែនមានតែ ប្រធានរដ្ឋវៀតណាមមួយទេ ដែលទទួលតែនៅមាននាយករដ្ឋមន្ត្រីសង្ហបុរី នាយករដ្ឋមន្ត្រីជប៉ុន ទទួលដូចគ្នាផងដែរ។ ឯនៅប្រទេសផ្សេងទៀតមានរដ្ឋមន្ត្រីការពារជាតិឬឧបនាយករដ្ឋមន្ត្រីទទួល។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា ក្នុងឋានៈជាសមភាគី នៃមេបញ្ជាការកងទ័ព ជើងគោកនៅតាមប្រទេសនានាហើយក៏ជាទម្លាប់ពិធីការតែងមានពិធីត្រួតពលទាំងទៅប្រទេសគេទាំងគេមកប្រទេសកម្ពុជាផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់លើទំព័រហ្វេសប៊ុកនៅយប់ថ្ងៃទី២២ ខែសីហា នេះ ថា «សោកស្តាយដែលអស់លោកអ្នកវិភាគមិនបានយកទស្សនកិច្ច ហ៊ុន ម៉ាណែត នៅជប៉ុនកាល ពីដើមឆ្នាំនា២០២២នេះ មកវិភាគ ព្រោះកម្រិតទទួល និងជំនួបមានចំនួនច្រើន ហើយកម្រិងខ្ពស់ ទៀតផង។ ម្យ៉ាងទៀត ហ៊ុន ម៉ាណែត ត្រូវបាននាយករដ្ឋមន្ត្រីជប៉ុន៣រូបហើយទទួលជួប [ហាតូយ៉ាម៉ា២០១១ ស៊ីនហ្សូ អាបេ២០១៨ គីស៊ីដា២០២២]»

សម្តេចតេជោ ក៏បានបង្ហាញក្តីសង្ឃឹមថា អ្នកវិភាគដែលមានឈាមជាខ្មែររៀនសូត្រឱយចេះ ដឹងជាងនេះ។

ក្រុមអ្នកដាមដានស្ថានការណ៍នយោបាយ បានមើលឃើញថា ក្រុមអ្នកនយោបាយដូរបាយនៅក្រៅ ប្រទេស បាននិងកំពុងព្យាយាមយកប្រធានបទលោក ហ៊ុន ម៉ាណែត ដែលជាបុគ្គលកំពុងមានភាព លេចធ្លោ ទៅវិភាគស្វែងរកការចាប់អារម្មណ៍ ឬនិយាយឱ្យស្រួលស្តាប់ គឺគ្រាន់តែជាការវិភាគដូរ បាយប៉ុណ្ណោះ។

ក្រុមអ្នកតាមដានស្ថានការណ៍សង្គម និងនយោបាយ បានមើលឃើញថា ការវិភាគរបស់អ្នកទាំង នោះមិនបានឆ្លុះបញ្ចាំងពីការពិតនោះឡើយ។ ការវិភាគមិនឆ្លុះបញ្ចាំងពីការពិតជាក់ស្តែងនេះ នឹងធ្វើឱ្យការវិភាគទាំងនោះ បាត់បង់ប្រជាប្រិយភាព ហើយការវិភាគនេះបោកបានតែក្រុមមនុស្ស ចូលចិត្តរស់ក្នុងភាពភូតភរកុហក់ប៉ុណ្ណោះ៕