(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២ គឺបានអោយដឹងថា សហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះបានច្រានចោល សំណើរបស់អ៊ុយក្រែន ជុំវិញបម្រាមទិដ្ឋាការសម្រាប់ពលរដ្ឋរុស្ស៉ី ដោយនិយាយថាទីក្រុងវ៉ាស៊ីន តោន មិនចង់បិទផ្លូវស្វែងរកសិទ្ធិជ្រកកោនរបស់ក្រុមសកម្មជន និងជនងាយរងគ្រោះដោយសារ ការបំពាន សិទ្ធិមនុស្សនៅក្នុងប្រទេសរុស្ស៉ីនោះទេ។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវឱ្យមានការដាក់បម្រាមទិដ្ឋាការ លើពលរដ្ឋរុស្ស៉ីជាលើកដំបូងកាលពី ដើមខែសីហានេះ នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Washington Post ហើយលោក ហ្សេលេនស្គី ក៏បានស្នើដូចគ្នានេះផងដែរទៅកាន់ សហភាព អឺរ៉ុប។ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃចន្ទសប្ដាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកម្នាក់ បានបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិក មិនចង់បិទផ្លូវស្វែងរកសិទ្ធិជ្រកកោន និងសុវត្ថិភាពរបស់ សកម្មជនរុស្ស៉ី និងជនងាយរងគ្រោះដោយសារការបំពានសិទ្ធិមនុស្សនោះទេ ហើយ យើងក៏ចង់បែង ចែកគ្នាឱ្យបានច្បាស់រវាងសកម្មភាពរដ្ឋាភិបាលរុស្ស៉ី គោលនយោបាយរបស់ពួកគេនៅអ៊ុយក្រែន និងប្រជាជនរុស្ស៉ី»។
អ្នកនាំពាក្យរូបនេះបន្ថែមទៀតថា រដ្ឋបាលលោក ចូ បៃដិន បានដាក់បម្រាមទិដ្ឋាការលើក្រុមមន្ត្រី វិមានក្រឹមឡាំងកន្លងមកដែរ ហើយនឹងបន្ត ផ្ដោតដាក់ទណ្ឌកម្មតែទៅលើអ្នកដែលមានជាប់ពាក់ព័ន្ធ ឬទទួលខុសត្រូវលើការឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែនតែប៉ុណ្ណោះ៕