(ភ្នំពេញ)៖ ប្រធានមហាសន្និបាត អង្គការសហប្រជាជាតិ (អ.ស.ប) លើកទី៧៦ បានសរសើរកម្ពុជា ចំពោះការចូលរួមចំណែកក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UNPKOs) ដែលគួរតែយកធ្វើជាគំរូ។
លោក អាប់ឌូឡា សាហ៊ីដ (Abdulla SHAHID) ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) លើកទី៧៦ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋម៉ាល់ឌីវ បានកោតសរសើរបែបនេះ ពេលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសដែលលោកកំពុងបំពេញទស្សនកិច្ចការងារនៅកម្ពុជា ពីថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០២២។
យោងតាមឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន ឲ្យដឹងទៀតថា ខណៈពេលលើកឡើង អំពីការចូលរួមចំណែករបស់កម្ពុជាចំពោះប្រតិបត្តិការរក្សា សន្តិភាពរបស់អង្គការសហប្រជាជាតិ (UNPKOs) ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូ អ៊ុច បូររិទ្ធ និង លោក អាប់ឌូឡា សាហ៊ីដ បានគូសបញ្ជាក់អំពីមោទកភាពរបស់កម្ពុជា ក្នុងការប្រែក្លាយពីប្រទេសមួយ ដែលធ្លាប់ទទួលកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ កាលពីទសវត្សរ៍ទី៩០ ទៅជា ប្រទេសដែលបាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការ សហប្រជាជាតិនៅជុំវិញពិភពលោក។ ឯកឧត្តម អ៊ុច បូររិទ្ធ បានគូសបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០០៦ មក កម្ពុជាបានបញ្ជូនកងទ័ពចំនួន ៨.៣០២នាក់ ក្នុងនោះមានស្ត្រីចំនួន ៥៨០នាក់ ទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិចំនួន១១លើក នៅក្នុងប្រទេស ចំនួន៩។
ក្នុងជំនួបនោះដែរ លោក អាប់ឌូឡា សាហ៊ីដ បានសង្កត់ធ្ងន់ថា ថ្វីត្បិតតែដំណើរទស្សនកិច្ចរបស់ លោកមានរយៈ ពេលខ្លី ប៉ុន្តែទស្សនកិច្ចនេះ បានបង្ហាញឱ្យឃើញច្បាស់អំពីការអរគុណរបស់លោក ចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជាទៅលើពហុភាគីនិយម និងការចូលរួមចំណែកក្នុងការថែរក្សា សន្តិភាព និងសន្តិសុខនៅក្នុងតំបន់ និងពិភពលោក។ លោក បានចាប់អារម្មណ៍យ៉ាងខ្លាំងដែលបាន ឃើញការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជានៅលើគ្រប់វិស័យ និងបានកោតសរសើរកម្ពុជាចំពោះ ភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាការស្តារសេដ្ឋកិច្ច ឡើងវិញយ៉ាងរឹងមាំ ក្រោយវិបត្តិនៃជំងឺរាតត្បាតនេះ។
ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូ អ៊ុច បូរិទ្ធ បានវាយតម្លៃខ្ពស់ចំពោះការលះបង់និងកិច្ចខិតខំប្រឹងប្រែង បំពេញភារកិច្ចមិនខ្លាចនឿយហត់របស់ លោក អាប់ឌូឡា សាហ៊ីដ ក្នុងនាមជាប្រធានមហាសន្និបាត អង្គការ សហប្រជាជាតិ ក្នុងឆ្នាំដែលពិភពលោកបានជួបប្រទះនឹងបញ្ហាប្រឈមដ៏គួរឱ្យ ព្រួយបារម្ភ ជាច្រើន។ ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូ បានគូសបញ្ជាក់ពីសារសំខាន់នៃកិច្ចពិគ្រោះយោបល់លើរបាយ ការណ៍ «គោលដៅរួមរបស់យើង» របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងការធានាបានថា អង្គការសហប្រជាជាតិនឹងផ្តោតការយកចិត្តទុកដាក់ជាថ្មីទៅលើអាទិភាពក្នុងការដោះស្រាយតម្រូវការសកលដ៏បន្ទាន់បំផុតនានា រួមទាំងការពន្លឿនវឌ្ឍនភាពឆ្ពោះទៅរករបៀបវារៈនៃការអភិវឌ្ឍប្រកប ដោយចីរភាពផងដែរ។
ឯកឧត្តម អ៊ុច បូររិទ្ធ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងអង្គការសហ ប្រជាជាតិ និងបានថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិ និងក្រុមការងារអង្គការសហប្រជា ជាតិ ជាពិសេសអង្គការសុខភាពពិភពលោក គណៈកម្មាធិការអន្តរជាតិនៃអង្គការកាកបាទក្រហម និងយូនីសេហ្វ សម្រាប់ការឧបត្ថម្ភគាំទ្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងសម្រាប់ជំនួយ របស់អង្គការសហប្រជាជាតិដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា។ លោកក៏បានកោតសរសើរចំពោះទំនាក់ទំនងការងារដ៏ល្អរវាងកម្ពុជា និងទីភ្នាក់ងារអង្គការសហ ប្រជាជាតិទាំង២៦ដែលធ្វើការក្នុងវិស័យសុខាភិបាល សន្តិសុខស្បៀង បរិស្ថាន ការអប់រំ និងវិស័យផ្សេងៗជាច្រើនទៀត។
ចំពោះកិច្ចសហប្រតិបត្តិការអាស៊ាន-អង្គការសហប្រជាជាតិ លោក អ៊ុច បូររិទ្ធ បានជំរាបជូន លោក អាប់ឌូឡា សាហ៊ីដ អំពីការបញ្ចប់ទៅយ៉ាងជោគជ័យនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើក ទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០២២។ ភាគីទាំងពីរ បានលើកឡើងអំពីលទ្ធភាព និងការសម្របសម្រួល ក្នុងការរៀបចំកិច្ចប្រជុំ កំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី១២ ស្របពេលនឹងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ នៅកម្ពុជា។
ឯកឧត្តម អ៊ុច បូររិទ្ធ និង លោក អាប់ឌូឡា សាហ៊ីដ ក៏បានពិភាក្សាគ្នាផងដែរអំពីមធ្យោបាយផ្សេងៗ ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ម៉ាល់ឌីវ រួមមានការផ្លាស់ប្តូរទស្សនកិច្ចរ វាងថ្នាក់ដឹកនាំកំពូល ការគិតពិចារណាឱ្យមានកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការរវាងប្រទេសទាំងពីរ និងការបង្កើតឱ្យមានកិច្ចពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរ ដើម្បីស្វែងរក វិស័យប្រកបដោយសក្តានុពលភាពនានាសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី៕