(មូស្គូ)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០២២ គឺ ក្រសួងការពារជាតិរុស្ស៉ី កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បានចោទប្រកាន់អ៊ុយក្រែន អំពី ការលួចបំពុលទាហានខ្លួនមួយចំនួន ដែលនៅគ្រប់គ្រងតំបន់ ហ្សាប៉ូរីសហ្សៀ ភាគខាងត្បូងប្រទេស អ៊ុយក្រែន កាលពីចុងខែកក្កដា កន្លងទៅ។
ក្រសួងការពារជាតិរុស្ស៉ីបានអះអាងថា កងទ័ពរុស្ស៉ីមួយចំនួន ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរ ពេទ្យ ក្រោមរោគសញ្ញានៃការពុលធ្ងន់ធ្ងរ កាលពីថ្ងៃទី៣១ ខែកក្កដា ហើយការធ្វើតេស្តចេញមក បានបង្ហាញថា នៅក្នុងខ្លួនរបស់ពួកគេ មានផ្ទុកសារធាតុពុលម៉្យាងហៅថា បូទូលីនុម តុកស៊ីន ប្រភេទ B (botulinum toxin type B)។
សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៉ី បានចោទថា របបដឹកនាំរបស់ប្រធានាធិបតីអ៊ុយ ក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអនុញ្ញាតឱ្យមានការធ្វើសកម្មភាពភេរវកម្មគីមីសាស្រ្តបែប នេះ មកលើទាហានរបស់រុស្ស៉ី។ យ៉ាងណាក្តី ទីក្រុងមូស្គូមិនបានប្រាប់ច្បាស់ អំពីចំនួនទាហានរុស្ស៉ី ដែលបានរងគ្រោះ ឬក៏ថាតើ បច្ចុប្បន្នស្ថានភាពពួកគេ ទៅជាយ៉ាងណានោះឡើយ។
សូមបញ្ជាក់ថា ពាក់ព័ន្ធពាក្យចោទប្រកាន់របស់រុស្ស៉ី ក្រសួងការពារជាតិអ៊ុយក្រែន មិនបានទាន់ ឃើញ ចេញធ្វើការឆ្លើយតបអ្វីនៅឡើយទេ។ ប៉ុន្តែទីប្រឹក្សាម្នាក់ នៃក្រសួងមហាផ្ទៃរបស់អ៊ុយក្រែន គឺលោក អានតុន ហ្កេរ៉ាសឆិនកូ (Anton Gerashchenko) បានលើកឡើងថា ការពុលនេះ តាម ពិតប្រហែលបណ្តាលមកពី ការដែលទាហានរុស្ស៉ីបានបរិភោគ សាច់កំប៉ុងហួសកាលបរិច្ឆេទ ដ្បិត សារធាតុពុល បូទូលីនុម តុកស៊ីន ប្រភេទ B ជារឿយៗត្រូវបានរកឃើញ នៅក្នុងអាហារកំប៉ុងដែល ផុតកំណត់បែបនោះ៕