(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក អាប់ឌូឡា សាហ៉ីដ (Abdulla SHAHID) ប្រធានមហាសន្និបាត អង្គការសហប្រជាជាតិ (អ.ស.ប) លើកទី៧៦ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋម៉ាល់ឌីវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
សូមបញ្ជាក់ថា លោក អាប់ឌូឡា សាហ៊ីដ បានអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី២១ ខែសីហា។ ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លោក អាប់ ឌូឡា សាហ៊ីដ ក៏នឹងអញ្ជើញជួបសម្តែងការគួរសមជាមួយសម្តេចពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា ហើយក៏នឹងមានជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយក រដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិផង ដែរ។
បើតាមក្រសួងការបរទេសកម្ពុជា ដំណើរទស្សនកិច្ចរបស់ លោក អាប់ឌូឡា សាហ៊ីដ នឹងសង្កត់ធ្ងន់ អំពីតួនាទីប្រកបដោយការស្ថាបនា របស់កម្ពុជានៅក្នុង អ.ស.ប ជាពិសេសក្នុងឋានៈកម្ពុជាជាប្រធាន អាស៊ាន ក៏ដូចជាតួនាទីរបស់អាស៊ាន និង អ.ស.ប ក្នុងការពង្រឹងពហុភាគីនិយម ដើម្បីឆ្លើយតបទៅ នឹងបញ្ហាសកលនានា រួមមាន ការប្រែប្រួលអាកាសធាតុ ការស្តារឡើងវិញក្រោយជំងឺរាតត្បាត និងការអភិវឌ្ឍប្រកបដោយចីរភាពជាដើម។ ការធ្វើឱ្យតួនាទីរបស់ អ.ស.ប កាន់តែរស់រវើក និងការ ពង្រឹងតួនាទីភាពជាដៃគូរវាងអាស៊ាន-អ.ស.ប ក៏ស្ថិតក្នុងចំណោមប្រធានបទសម្រាប់កិច្ចពិភាក្សា ផងដែរ៕