(ឧត្តរមានជ័យ)៖ បញ្ហាអាកាសធាតុភ្លៀងធ្លាក់ជាប់ៗគ្នាក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានបណ្តាល ឱ្យតំបន់មួយចំនួនក្នុងខេត្តឧត្តរមានជ័យរងការប៉ះពាល់ ដូចជា លិចលង់ផ្ទះសម្បែង សត្វចិញ្ចឹម ដំណាំផ្សេងៗរបស់ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅតាមព្រំដែន ក៏ដូចជាខូចខាតផ្លូវមួយចំនួន តាមក្រវាត់ព្រំដែនជាដើម។
បើតាមរបាយកាណ៍របស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដែល ទទួលបាននៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះឃុំព្រះប្រឡាយក្នុងស្រុកត្រពាំងប្រាសាទមានទឹកជំនន់លិចផ្ទះប្រជាពលរដ្ឋ២គ្រួសារ គឺនៅភូមិត្រពាំងបី ឃុំព្រះប្រឡាយ ខូចផ្លូវក្រវាត់ព្រំដែនប្រវែង១៥០ម៉ែត្រ សត្វចិញ្ចឹមមាន់ទា៨០ ក្បាល និងខូចខាតផ្លូវមូលនិធិឃុំមួយចំនួន ដូចជា ភូមិប្រាសាទក្រហមសែនជ័យដែលទឹកហូរ ច្រោះដីមាត់លូ និងបាក់លូ១កន្លែង ហើយភូមិត្រាំប៉ោងស្រុតដីលើលូចំនួន១កន្លែង។
អាជ្ញាធរឃុំបានចុះពិនិត្យមើលតាមភូមិនីមួយៗអំពីស្ថានភាពទឹកជំនន់ដែលជន់លិចក្រោយពីមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់ៗគ្នា និងសហការជាមួយកងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល កងកម្លាំងយោធា វរសេនា៤១៤ សរុបចំនួន១៣នាក់ ជួយជម្លៀសប្រជាពលរដ្ឋ២គ្រួសារទៅទីទួលមានសុវត្ថិភាព។ ក្រោយពីជម្លៀសប្រជាពលរដ្ឋរួច លោកមេឃុំបានឧបត្ថម្ភមី២កេស លោក ញ៉ែម ពុធ និងប្រពន្ធ ឈ្មោះ សួន សុភាព នៅភូមិបន្ទាយចាស់ បានឧបត្ថម្ភអង្ករ៥០គ.ក មី១កេស ទឹកត្រី១យួរ ទឹ កស៊ីអ៊ីវ១យួរ តាមរយៈលោកមេឃុំ និងបានប្រគល់ជូនដល់ប្រជាពលរដ្ឋ២គ្រួសារជួបគ្រោះទឹក ជំនន់ខាងលើ។
ដោយឡែកចំពោះឃុំអូរស្វាយ និងឃុំផ្អាវ ស្ថិតក្នុងស្រុកត្រពាំងប្រាសាទ ត្រូវទឹកជន់លិចផ្លូវយុទ្ធ សាស្ត្រដោយកន្លែង និងលិចផ្លូវនៅចំណុចអូរបីជាន់ប្រហែល១៥០ម៉ែត្រ។ រីឯឃុំបាក់អន្លូង ភ្លៀង ជន់លិចផ្លូវមូនិធិឃុំនៅភូមិទួលប្រសើរ និងភូមសុខសិរី។
លោក ញឺន កួន ប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តឧត្តរមានជ័យ បានថ្លែងប្រាប់ ឱ្យដឹងនៅ ព្រឹកនេះដែរថា ឃុំមួយចំនួននៅក្នុងស្រុកត្រពាំងប្រាសាទ ពិសេសតំបន់តាមជួរភ្នំដងរ៉ែក នៅថ្ងៃ ម្សិលម៉ិញនេះភ្លៀងធ្លាក់រហូតកម្រិត១៧៦.៥០មីលីម៉ែត្រ បានន័យថា ភ្លៀងខ្លាំង ហើយបណ្តាល ឱ្យមានទឹកជំនន់ហូរកាត់ផ្លូវយុទ្ធសាស្ត្រក្រវាត់ព្រំដែនមួយកន្លែង និងតាមឃុំមួយចំនួន តែការជន់ លិចនេះគឺមានតែរយៈពេល៣ម៉ោងប៉ុណ្ណោះ មកដល់ពេលនេះទឹកស្រកវិញហើយ ចំណែកតាម បណ្តាស្រុក/ក្រុងមួយចំនួនទៀតមិនមានបញ្ហាដោយទឹកជំនន់នោះទេ៕