(ភ្នំពេញ)៖ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសូមឱ្យសាធារណ ជន កុំមានការយល់ច្រឡំថា ភាសាវៀតណាម នឹងត្រូវដាក់បញ្ចូលឱ្យបង្រៀនគ្រប់ជំនាញនៅក្នុង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ពោលវាគ្រាន់តែជាថ្នាក់រៀនមួយដាច់ដោយឡែកប៉ុណ្ណោះ និងគ្មាន ការបង្ខិតបង្ខំណាមួយឱ្យត្រូវតែរៀនភាសាវៀតណាមនោះដែរ។
ប្រតិកម្មរបស់មហាជនជុំវិញការបង្កើតឱ្យមានការបង្រៀនភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានជំរុញឱ្យលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ចេញមកធ្វើសន្និសីទព័ត៌មានបំភ្លឺ ទៅលើករណីនេះនៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ។
ឯកឧត្តម ហង់ជួន ណារ៉ុន បានពន្យល់ថា ការបង្រៀនភាសាវៀតណាមនេះ គឺជាកម្មវិធីបង្រៀនមួយ ស្ថិតក្រោមវិទ្យាស្ថានភាសាបរទេស ដូចនឹងការបង្រៀនភាសាអង់គ្លេស បារាំង ចិន ជប៉ុន កូរ៉េ និងថៃអ៊ីចឹងដែរ ពោលមិនមែនភាសាវៀតណាមនេះ ត្រូវយកទៅបង្រៀននៅគ្រប់ជំនាញទូទាំង សាកលវិទ្យាល័យនោះឡើយ។
ឯកឧត្តម រដ្ឋមន្ត្រី ក៏បានថា ការបណ្តុះបណ្តាលគ្រប់គ្រឹះស្ថានអប់រំនៅកម្ពុជា គឺត្រូវយកភាសាខ្មែរជា គោល ហើយសម្រាប់ភាសាបរទេសវិញ គឺមានតែបារាំង និងអង់គ្លេសប៉ុណ្ណោះ។
ឯកឧត្តម រដ្ឋមន្ត្រីអប់រំ បានគូសរំលេចទៀតថា សម្រាប់ការបណ្តុះបណ្តាលនេះទៀតសោត គឺ សម្រាប់តែនិស្សិតដែលជាប់អាហារូបករណ៍ទៅរៀននៅវៀតណាម ក៏ដូចជាអ្នកមានតម្រូវការក្នុងការ ប្រើប្រាស់ដើម្បីធ្វើការជាមួយក្រុមហ៊ុនវៀតណាម ដែលវិនិយោគនៅកម្ពុជា។
ឯកឧត្តម ហង់ជួន ណារ៉ុន បានអះអាងទៀតថា ការចូលរៀនភាសាវៀតណាមនៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ធ្វើដូចភាសាបរទេសដទៃទៀតដែរ គឺត្រូវតែបង់ថ្លៃសិក្សា។ ការចូលរៀនទៀតសោត មិនមានការបង្ខំអ្វីនោះឡើយ អ្នកដែលមានតម្រូវ គឺដាក់ពាក្យចូលរៀន៕