កូរ៉េខាងជើង ប្រាប់ឱ្យប្រធានាធិបតីកូរ៉េខាងត្បូងបិទមាត់ ក្រោយសន្យាផ្ដល់ជំនួយសេដ្ឋកិច្ច ជាថ្នូរបោះចោលអាវុធនុយក្លេអ៊ែរ

(សេអ៊ូល)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំំ២០២២ បញ្ជាក់ថា អ្នកនាង គីម យូជុង (Kim Yo Jong) ដែលជាប្អូនស្រីដ៏មាន ឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយនៅថ្ងៃសុក្រនេះថា កូរ៉េខាង​ជើង នឹងមិនទទួលយកជំនួយសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង ជាថ្នូរនឹងការបោះបង់ចោលអាវុធនុយ ក្លេអ៊ែរឡើយ ហើយថែមទាំងបានប្រាប់ឱ្យប្រធានាធិបតី កូរ៉េខាងត្បូង លោក យូន ស៊ុកយុល បិទ មាត់នៅឱ្យស្ងៀមទៀតផង។

នេះគឺជាលើកទី១ហើយ ដែលមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង បានធ្វើការអត្ថាធិប្បាយ ដោយហៅការ ស្នើឡើងជាលើកដំបូង កាលពីខែឧសភា របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល ថាជា «ទង្វើដ៏គឃ្លើន»។ ប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយម្តងហើយម្តងទៀត នៅក្នុង សន្និសីទសារព័ត៌មានមួយថា លោកមានឆន្ទៈក្នុងការផ្តល់ជំនួយសេដ្ឋកិច្ចជាដំណាក់កាលដល់ កូរ៉េខាងជើង ប្រសិនបើប្រទេសនេះបញ្ចប់ការអភិវឌ្ឍ អាវុធនុយក្លេអ៊ែរ និងចាប់ផ្តើមការរំសាយ អាវុធនុយក្លេអ៊ែរទាំងស្រុង។

អ្នកនាង គីម យូជុង បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA យ៉ាងដូច្នេះថា «សម្រាប់យើង, កិត្តិយស និងនុយក្លេអ៊ែរ គឺជាសុបិនដ៏អស្ចារ្យ។ បើគ្រាន់តែគិត ថាត្រូវផ្លាស់ប្តូរផែនការ ដើម្បីកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ចនោះ ក្តីសង្ឃឹម និងផែនការរបស់លោក យូន គឺពិតជាសាមញ្ញ ហើយនៅតែ ក្មេងខ្ចីនៅឡើយ។ គ្មាននរណាម្នាក់ផ្លាស់ប្តូរវាសនារបស់ខ្លួនសម្រាប់នំខេកមួយដុំនោះទេ។ ដូចនេះជារឿងល្អ លោកគួរតែបិទមាត់នៅឱ្យស្ងៀម»

សូមបញ្ជាក់ថា បើតាមអ្នកជំនាញ ផែនការសេដ្ឋកិច្ចចុងក្រោយបង្អស់របស់កូរ៉េខាងត្បូង គឺស្រដៀង គ្នាទៅនឹងសំណើរបស់ប្រធានាធិបតីមុនៗ រួមទាំងការស្នើឡើង កំលុងពេលកិច្ចប្រជុំកំពូលជាមួយ សហរដ្ឋអាមេរិក។ កូរ៉េខាងជើងទំនងជាមិនទទួលយកសំណើនេះទេ ហើយទីក្រុងព្យុងយ៉ាងក៏ ទើបបានបាញ់សាកល្បង មីស៉ីលគ្រូស (Cruise) ពីរគ្រាប់ចូលទៅក្នុងសមុទ្រ កាលពីថ្ងៃពុធសប្តាហ៍​នេះ ដើម្បីបង្ហាញជំហររបស់ខ្លួន៕