(ភ្នំពេញ)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន ថ្លែងថា ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២២នេះ ការចុះបញ្ជីរថយន្ដអគ្គិសនីចំនួន១៥៥គ្រឿង កើនឡើង រហូតដល់១៣០០ភាគរយ បើធៀបឆ្នាំ២០២១ មានរថយន្ដអគ្គិសនីត្រឹមតែ ១១គ្រឿងប៉ុណ្ណោះ។
ការអះអាងរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្វើឡើងក្នុងកម្មវិធីកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា «ការប្រើប្រាស់រថយន្តអគ្គិសនីកើនឡើងច្រើន គិត ត្រឹមរយៈពេល៧ខែ ឆ្នាំ២០២២ ក្រសួងសាធារណការ បានចុះបញ្ជីរថយន្ដអគ្គិសនីចំនួន១៥៥គ្រឿង បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ មានត្រឹមតែ១១គ្រឿងប៉ុណ្ណោះ ដែលត្រូវបានចុះបញ្ជីការ កើនឡើងនេះ មានរហូតដល់១៣០០ភាគរយ»។
ឯកឧត្តម បានបន្ដថា បច្ចុប្បន្នក្រសួងសាធារណការ បានដាក់ម៉ាស៊ីនបញ្ជូលថាមពលអគ្គិសនី នៅ ក្នុងទីតាំងចំនួន៤រួមមាន៖
ខេត្តព្រះសីហនុចំនួន១គ្រឿង, ខេត្តបាត់ដំបងចំនួន១គ្រឿង, ខេត្តសៀមរាបចំនួន១គ្រឿង និងរាជ ធានីភ្នំពេញ ក្នុងក្រសួងសាធារណការ និងដឹកជញ្ជូនចំនួន៤គ្រឿង។
ឯកឧត្តម ទេសរដ្ឋមន្ត្រីបន្ថែមថា ម៉ាស៊ីនបញ្ជូលថាមពលអគ្គិសនី មានក្នុងខេត្តព្រះសីហនុ, សៀម រាប, បាត់ដំបង និងក្នុងក្រសួងសាធារណៈការចំនួន១គ្រឿង ជាជំនួយរបស់កម្មវិធី អភិវឌ្ឍន៍សហ ប្រជាជាតិ (UNDP)។ បច្ចុប្បន្ននេះក្រសួងបានបន្ថែមម៉ាស៊ីន បញ្ជូលថាមពលអគ្គិសនីចំនួន៣គ្រឿង ទៀត ដោយប្រើប្រាស់សឡា មិនប្រើប្រាស់ប្រព័ន្ធភ្លើងអគ្គិសនីរដ្ឋនោះទេ។
ក្នុងក្រសួងសាធារណការ និងដឹកជញ្ជូន មានកន្លែងបញ្ជូលថាមពលអគ្គិសនីចំនួន៤គ្រឿង និងអាច បញ្ជូលថាមពលអគ្គសិនី ទៅកាន់រថយន្ដបាន៨គ្រឿង ដោយសារតែម៉ាស៊ីនបញ្ជូលថាមពលនេះ មានទុយោចំនួន២ និងមានល្បឿនលឿន អាចបញ្ជូលថាមពលចូលរថយន្ដក្នុងចន្លោះ៣០-៤០នាទី ប៉ុណ្ណោះ។
ឯកឧត្តម ទេសរដ្ឋមន្រ្ដីបានបន្ថែមថា ក្រៅពីផ្ដល់ជូននូវម៉ាស៊ីនបញ្ជូលថាមពល UNDP ក៏បានផ្ដល់ម៉ូ តូប្រើប្រាស់អាគុយចំនួន៣០គ្រឿង ដល់ក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ ហើយថែមទាំង បានជួយផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ឲ្យងាកមកប្រើប្រាស់ម៉ូតូ ឬរថយន្ដដើរដោយ ថាមពលអគ្គិសនីវិញ ដោយសារតែការប្រើប្រាស់ម៉ូតូ ឬរថយន្ដអគ្គិសនីនេះ បានជួយកាត់បន្ថយ ការបំពុលបរិស្ថាន មានតម្លៃសមរម្យ និងទទួលបានការបន្ធូរបន្ថយរហូតដល់៥០ភាគរយនៃពន្ធ នាំចូល។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ខិតខំប្រឹងប្រែងជំរុញការប្រើប្រាស់រថយន្ដ ឬម៉ូតូអគ្គិសនីនេះឲ្យបានច្រើន ជាក់ស្ដែងបច្ចុប្បន្នខ្ញុំកំពុង ពិភាក្សាជាមួយនឹងក្រុមហ៊ុន Nham24, Foodpanda ជាដើម ដើម្បីឲ្យអ្នកដឹកជញ្ជូនម្ហូបអាហារ ងាកមកប្រើប្រាស់ម៉ូតូដើរ ដោយអគ្គិសនីនេះ ដោយមានការគាំទ្រពីសំណាក់ UNDP»៕