រុស្ស៊ី និយាយថា ខ្លួនអាចនឹងបិទរោងចក្រនុយក្លេអ៊ែរ Zaporizhzhia ប្រសិនបើការបាញ់ផ្លោងពី សំណាក់អ៊ុយក្រែននៅតែបន្ត


 (មូស្គូ)៖  យោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែ សីហា ឆ្នាំ២០២២អោយដឹងថា ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅថ្ងៃព្រហស្បតិ៍ (១៨ សីហា) ថា រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន អាចនឹង ត្រូវបិទ ប្រសិនបើកងកម្លាំងអ៊ុយក្រែនបន្តបាញ់ផ្លោងរោងចក្រនេះ។

នៅក្នុងបទសម្ភាសន៍មួយ លោក Igor Kirillov ប្រធានកងកម្លាំងការពារវិទ្យុសកម្ម គីមី និងជីវ សាស្រ្តរបស់រុស្ស៊ី បាននិយាយថា ប្រព័ន្ធជំនួយបម្រុងរបស់រោងចក្រត្រូវបានខូចខាត ដោយសារ ការបាញ់ផ្លោង។ លោកបានបន្តថា ក្នុងករណីមានឧបទ្ទវហេតុនៅរោងចក្រ សារធាតុវិទ្យុសកម្ម នឹងគ្របដណ្តប់ប្រទេសអាល្លឺម៉ង់ ប៉ូឡូញ និងស្លូវ៉ាគី។

រោងចក្រ Zaporizhzhia ត្រូវបានធ្លាក់ក្រោមការគ្រប់គ្រងរបស់កងកម្លាំងរុស្ស៊ីកាលពីខែមីនា។ វាបានប្រែក្លាយជាសមភូមិជួរមុខ ដោយបានរងការបាញ់ផ្លោងម្តងហើយម្តងទៀត ក្នុងប៉ុន្មានសប្តាហ៍ ថ្មីៗនេះ។ រុស្ស៊ី និងអ៊ុយក្រែន បានស្តីបន្ទោសគ្នាទៅវិញទៅមក ចំពោះការវាយប្រហារលើរោង ចក្រ៕