(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ បាន ជូនដំណឹងឱ្យកម្មករនិយោជិតនៃក្រុមហ៊ុន ឃែនធើរេន អឺភែរឹល ទៅបើកថវិកាបុរេប្រទានរបស់ រាជរដ្ឋាភិបាលកម្ពុជា ចាប់ពីម៉ោង៩ព្រឹក នៅថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០២២ តទៅ ទីតាំងស្ថិត នៅទីស្តីការក្រសួងការងារ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៉ី។
សេចក្តីជូនដំណឹងរបស់ក្រសួងការងារបានឱ្យដឹងថា ដោយអនុវត្តតាមអនុសាសន៍របស់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងនឹងបើកផ្តល់ថវិកាបុរេប្រទានរបស់រាជរដ្ឋាភិបាល កម្ពុជាជូនកម្មករនិយោជិតនៃក្រុមហ៊ុន ឃែនធើរេន អឺភែរឹល (ខេមបូឌា) ចាប់ពីម៉ោង៩ព្រឹក ថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០២២តទៅ នៅអគ្គលេខាធិការដ្ឋានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហា កូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា ដែលមានទីតាំងស្ថិតនៅទីស្តីការក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ។
ក្រសួងការងារក៏បានប្រាប់ឱ្យកម្មករនិយោជិតត្រូវយកមកជាមួយនូវឯកសារមួយចំនួន៖
១. ប័ណ្ណសម្គាល់ខ្លួនកម្មករនិយោជិត
(ច្បាប់ដើម) ឬកិច្ចសន្យាការងារ និងសៀវភៅការងារកម្មករ និយោជិត
ឬប័ណ្ណបេឡាជាតិសន្តិសុខសង្គម ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន។
២. ប័ណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗ (បើមាន)។
គួរជម្រាបថា កម្មករនិយោជិតនៃក្រុមហ៊ុន ឃែនធើរេន អឺភែរឹល (ខេមបូឌា) ខាងលើនេះមានចំនួន ប្រមាណ៤០០នាក់ ត្រូវបានថៅកែរត់ចោលដោយមិនបើកប្រាក់ឈ្នួលឱ្យ។ ក្រុមហ៊ុននេះមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ មូលហេតុដែលរោងចក្រមិនបើកប្រាក់ឈ្នួលជូនកម្មករយ៉ាងដូច្នេះ គឺដោយសារក្រុមហ៊ុនក្ស័យធន។
ដើម្បីដោះស្រាយជូនកម្មករឱ្យបានឆាប់រហ័ស សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យរដ្ឋមន្ត្រី ក្រសួងការងាររួសរាន់ដោះស្រាយបញ្ហាជូនពួកគេ ដោយប្រើប្រាស់ថវិកាបុរេប្រទានរបស់រាជរដ្ឋា ភិបាលកម្ពុជាបើកជូនពួកគេឱ្យបានគ្រប់គ្នាជាមុនសិន សឹមដោះស្រាយទូទាត់ជាមួយថៅកែក្រុមហ៊ុន តាមក្រោយ។
ក្រសួងការងារក៏បានជូនដំណឹងដល់កម្មករនិយោជិតដែរថា នឹងរៀបចំការទូទាត់បើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងទៀតជូនកម្មករនិយោជិតចំនួន៣ចំណុច ក្នុងនោះមានប្រាក់ឈ្នួលខែ ចុងក្រោយដែលមិនទាន់បានបើក, ប្រាក់បំណាច់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់, ប្រាក់ បំណាច់អតីតភាពការងារថ្មីក្នុងឆ្នាំ និងប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ ២០១៩៕